
អាជ្ញាធរតំបន់បាននិយាយថា បំណាក់ដីនៅភាគនិរតីប្រទេសចិនបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៨នាក់ស្លាប់ និងមនុស្ស៣៤នាក់បាត់ខ្លួនកាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ដោយប្រធានាធិបតីចិន លោក Xi Jinping បានជំរុញឱ្យមានការពិនិត្យយ៉ាងទូលំទូលាយ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅបន្ត។ យោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា បំណាក់ដីបានកើតឡើងក្នុងស្រុក Pengshui ក្រុងចុងឈីង(Chongqing) ដោយអ្នកជួយសង្គ្រោះជាង ៨០០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ។

លោក Ren Xujiang មេដឹកនាំតំបន់បាននិយាយក្នុងសន្និសីទសារព័ត៌មានថា មនុស្ស ១៨ នាក់ដែលជាប់គាំងខ្លួនត្រូវបានជួយសង្គ្រោះ ប៉ុន្តែក្នុងចំណោមអ្នកទាំងនោះ មនុស្សប្រាំបីនាក់ក្រោយមកត្រូវបានប្រកាសថាស្លាប់។ វីដេអូដែលបានចែករំលែក បានបង្ហាញពីគំនរថ្ម និងដី គ្របដណ្តប់ផ្នែកមួយចំនួននៅតាមផ្លូវលំនៅឋាន និងពាណិជ្ជកម្ម នៅខាងក្រោមភ្នំមួយក្នុងតំបន់។ តំបន់ដែលបំណាក់ដីបានកើតឡើងត្រូវបានគេដឹងថាជាដីចោត «មិនអាចព្យាករទុកជាមុនបាន» ហើយថ្មធ្លាក់ដ៏គ្រោះថ្នាក់នៅតែមាននៅតាមច្រាំងថ្មចោទ។ ក្រសួងហិរញ្ញវត្ថុ និងក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា រដ្ឋាភិបាលបានបែងចែកថវិកាចំនួន ៥០ លានយ័ន (៧,៣៦ លានដុល្លារអាមេរិក) ជាមូលនិធិសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់។
លោក Xi បានជំរុញឱ្យអាជ្ញាធរកំណត់មូលហេតុនៃគ្រោះមហន្តរាយឲ្យបានឆាប់រហ័ស កំណត់អត្តសញ្ញាណ និងលុបបំបាត់ហានិភ័យគ្រោះមហន្តរាយភូមិសាស្ត្រនិងគ្រោះថ្នាក់ដែលអាចកើតមានផ្សេងទៀត។ បំណាក់ដីនៅទីក្រុង Chongqing បានកើតឡើងមិនដល់ពីរសប្តាហ៍នោះទេបន្ទាប់ពីបំណាក់ដីមួយផ្សេងទៀតនៅភាគពាយ័ព្យខេត្ត Gansu ដែលបានកប់មនុស្សចំនួន ៣៣ នាក់ ដែលក្នុងនោះ ២១ នាក់បានស្លាប់។