មន្ត្រីសន្តិសុខមូលដ្ឋានម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា ទាហានយេម៉ែន ៥ នាក់ ត្រូវបានសម្លាប់ និង ៧នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារដែលសង្ស័យថា ត្រូវបានធ្វើឡើងដោយក្រុមអាល់កៃដាលើបន្ទាយយោធាមួយ នៅក្នុង Hadramout ភាគអាគ្នេយ៍នៃប្រទេសនេះ កាលពីល្ងាចថ្ងៃសុក្រ។
មន្ត្រីរូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនេះ បានអះអាងថា ក្រុមវាយប្រហារប្រដាប់អាវុធបានបើកការវាយប្រហារដែលមានការសម្របសម្រួលលើទីតាំងមួយដែលជាកម្មសិទ្ធិរបស់កងពលតូចលេខ៤ នៃកងកម្លាំងការពារជាតិដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលនៅក្នុងតំបន់ Ramah នៃខេត្តសម្បូរប្រេងនេះ។
មន្ត្រីរូបនេះបានបន្ថែមថា ក្រុមវាយប្រហារ បានវាយលុកលើបន្ទាយយោធានេះ ដោយបង្កឲ្យមានការបាញ់ប្រហារគ្នាដែលបានបណ្តាលឲ្យទាហាន ៥ នាក់ស្លាប់ និង ៧នាក់ទៀត រងរបួស ដែលខ្លះរងរបួសយ៉ាងធ្ងន់ធ្ងរ។
យោងតាមមន្ត្រីដដែល ការវាយតម្លៃបឋមបានបង្ហាញថា អ្នកវាយប្រហារត្រូវបានសង្ស័យថា ជាសមាជិករបស់អាល់កៃដានៅឧបទ្វីបអារ៉ាប់ ដែលជាសាខារបស់បណ្តាញភេរវកម្មអាល់កៃដាមានមូលដ្ឋាននៅប្រទេសយេម៉ែន។ ទោះជាយ៉ាងណា មកទល់ពេលនេះ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕