បាល់ទាត់៖ ខ្សែប្រយុទ្ធ Fulham, Fabio Cavalho នៅមិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយពីអនាគតរបស់ខ្លួន ជាមួយក្រុមជើងឯក League Championship ថ្មីថ្មោងមួយនេះ។ កីឡាករវ័យ ១៩ឆ្នាំរូបនេះត្រូវបានគេដឹងថា Liverpool ធ្វើទំនាក់ទំនងចង់បានទៅកាន់ Anfield យូរមកហើយ បន្ទាប់ពីបរាជ័យម្តងនៅពេលទីផ្សារដោះដូរកីឡាករកាលពីខែមករា។

បន្ទាប់ពីមានការចោទសួរដោយអ្នកសារព័ត៌មានជុំវិញអនាគតរបស់ខ្លួនជាមួយ Fulham នៅរដូវកាលក្រោយនោះ Fabio Cavalho និយាយថា រង់ចាំមើលថានឹងមានអ្វីកើតឡើងនៅដំណាច់រដូវកាលនេះ។ Fabio Cavalho បានស៊ុតបញ្ចូលទី ១០គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥លើកនៅក្របខណ្ឌ League Championship រដូវកាលនេះបូករួមទាំងបាល់បញ្ជូន ៨លើក។ កាលពីខែកុម្ភៈកន្លងទៅអ្នកចាត់ការ Liverpool លោក Jurgen Klopp បាននិយាយថា លោកនៅតែមានចំណាប់អារម្មណ៍លើកីឡាករកូនកាត់ព័រទុយហ្កាល់ ជំរើសជាតិយុវជនរបស់អង់គ្លេសរូបនេះ ទោះបីសំណើសុំទិញតម្លៃ ៨លានផោនត្រូវបានច្រានចោលដោយ Fulham ក៏ដោយ៕
អត្ថបទ៖នាង សុភាវុធ