សមាគមសហគ្រិនស្ត្រីកម្ពុជា សម្ភោធការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមលើកទី៣ ប្រចាំឆ្នាំ២០២៦ ក្នុងគោលបំណងលើក កម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានដល់សហគ្រិនស្ត្រីលើវិសយ័ធុរកិច្ច ដោយបានដើរស្របទៅតាមបេសកម្មរបស់សមាគម សហគ្រិនស្ត្រីកម្ពុជា។
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីពិធីសម្ភោធ ការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ “ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព” នៅថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៦នេះថា ជុំវិញការរៀបចំការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើម នៅក្នុងអាណត្តិទី៥នេះ បានរៀបចំឡើងមាន ចំនួនពីរលើករួចមកហើយ ក្នុងនោះការរៀបចំពីមួយឆ្នាំទៅមួយឆ្នាំ គឺលើកយកនូវនវានុវត្តន៍ថ្មីៗ ដើម្បីជំរុញភាពអស្ចារ្យនៃស្នាដៃ សហគ្រិនជាស្រ្តី ដែលមានអាជីវកម្មដឹកនាំដោយស្រ្តី និងមានស្ត្រីជាម្ចាស់អាជីវកម្ម តាមរយៈការបង្កើនចំនួនសហគ្រិនស្ត្រីជោគជ័យ កាន់តែច្រើន ដោយនឹងផ្តល់នូវផលជាវិជ្ជមានដល់ការពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដែលមានសហគ្រិនស្ត្រីជាឆ្អឹងខ្នងនៃ សេដ្ឋកិច្ចជាតិ។
លោកជំទាវ បន្តថា ទាក់ទិនការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមនេះ សមាគមបានរៀបចំឡើងក្នុងគោលបំណងជួយជំរុញ លើកកម្ពស់សមត្ថភាព បង្កើតភាពអង់អាចក្លាហានដល់សហគ្រិនស្ត្រីលើវិស័យធុរកិច្ច ដើរស្របទៅតាមបេសកម្មរបស់សមាគម សហគ្រិនស្ត្រីកម្ពុជា និងចក្ខុវិស័យរបស់សមាគម និងលើកទឹកចិត្តដល់សមាជិកាសមាគមសហគ្រិនស្ត្រីកម្ពុជាទាំងអស់ឱ្យចូលរួមចុះ ឈ្មោះ ដើម្បីប្រកួតទៅតាមជំនាញអាជីវកម្មរៀងៗខ្លួន។
លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង ទីប្រឹក្សាកិត្តិយសនៃសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) អាណត្តិទី៥ លើកឡើង ថា កម្មវិធីប្រកួតប្រជែងនេះគឺជាការចូលរួមលើកកម្ពស់សហគ្រិនជាស្រ្តីពិតៗ និងជាកម្លាំងចលករឱ្យតម្លៃដល់ស្រ្តីខ្មែរយើងជាខ្លាំងនៅ ក្នុងអាជីវកម្ម បញ្ហានេះលោកជំទាវនៅតែបន្តលើកទឹកចិត្ត ជួយទំនុកបម្រុងដល់ស្រ្តីដែលកំពុងមានតម្រូវការ ជាពិសេសសហគ្រិនជា ស្រ្តី ដើម្បីជំរុញឱ្យស្រ្តីខ្មែរខ្លាំង។
កញ្ញា ស៊ុន ស៊ីហនិតនោវី អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លើកឡើងឱ្យដឹងថា បន្ទាប់ពីការបើកសម្ភោធនេះ សម្រាប់ ជំហានទី២ នឹងចាប់ផ្តើមទទួលពាក្យចូលរួមប្រកួត ចាប់ផ្តើមពីទី១៨ កក្កដា រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ក្នុងនោះបេក្ខនារី ដែលដាក់ពាក្យចូលរួមប្រកួតត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួនដូចជា៖ សហគ្រិនជាស្ត្រី, ជាម្ចាស់ផ្ទាល់ឬមានភាគហ៊ុនចាប់ពី ៣០%, អាជីវកម្មមានបញ្ជីការស្របច្បាប់, និងអាជីវកម្មមានអាយុកាលយ៉ាងតិច២ឆ្នាំ។
សូមបញ្ជាក់ថា ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ មានចំណោម៨ប្រភេទរួមមាន៖ ២. ពានរង្វាន់សហគ្រិននវានុវត្តន៍ ឌីជីថល, ២. ពានរង្វាន់អ្នកដឹកនាំអាជីវកម្មបៃតង ប្រកបដោយចីរភាព, ៣. ពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេង (អាយុក្រោម៣៥ឆ្នាំ), ៤. ពានរង្វាន់ឧត្តមភាពនវានុវត្តន៍, ៥. ពានរង្វាន់ អ្នកនាំចេញ និងពង្រីកទីផ្សារអន្តរជាតិ, ៦. ពានរង្វាន់សហគ្រិនមានឥទ្ធិពលនៅតំបន់ ជនបទ, ៧. ពានរង្វាន់សហគ្រិនឧស្សាហកម្មច្នៃប្រឌិត, និង៨. ពានរង្វាន់សហគ្រាសមានចក្ខុវិស័យបៃតងប្រចាំឆ្នាំ៕
អត្ថបទ៖ សុន រ៉ាឌី








