យោងតាមសេចក្តីរាយការណ៍ អ៊ីស្រាអែលបានចាត់ថ្នាក់សត្វក្រពើទន្លេនីល (Nile crocodiles) ឡើងវិញថា ជា «សត្វដែលត្រូវបានថែទាំ» ដែលអាចបើកផ្លូវឲ្យមានការប្រើប្រាស់ពួកវា ជាផ្នែកមួយនៃប្រព័ន្ធសន្តិសុខពន្ធនាគារ។
សំណើដ៏ចម្រូងចម្រាសដើម្បីបង្កើតប្រឡាយព័ទ្ធជុំវិញពន្ធនាគារដែលមានដាក់សត្វក្រពើ ត្រូវបានលើកមកនិយាយនៅចុងឆ្នាំមុន ដោយរដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុលលោក Itamar Ben-Gvir ដែលបានអះអាងថា សត្វក្រពើទាំងនេះ នឹងពង្រឹងសន្តិសុខ និងរារាំងការប៉ុនប៉ងរត់គេចខ្លួន។ ដំបូងឡើយ ផែនការនេះត្រូវបានចាត់ទុកថា មិនអាចធ្វើទៅបានដោយអាជ្ញាធរធម្មជាតិ និងឧទ្យានអ៊ីស្រាអែល ពីព្រោះក្រពើទន្លេនីល ត្រូវបានចាត់ថ្នាក់ជាសត្វព្រៃដែលអាចរក្សាទុកបានតែនៅក្នុងសួនសត្វ និងតំបន់អភិរក្សសត្វព្រៃប៉ុណ្ណោះ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃសុក្រថា ឧបសគ្គផ្នែកច្បាប់នោះ ត្រូវបានលុបចោលនៅសប្តាហ៍នេះ នៅពេលដែលរដ្ឋមន្ត្រីការពារបរិស្ថាន លោក Idit Silman បានកំណត់ក្រពើទន្លេនីលឡើងវិញថា ជា សត្វព្រៃដែលត្រូវបានថែទាំ»។ ការចាត់ថ្នាក់ថ្មីនេះ អនុញ្ញាតឲយសត្វក្រពើទាំងនេះ ត្រូវបានរក្សាទុកនៅក្នុងកន្លែងជាច្រើនប្រភេទ ដែលអាចរួមបញ្ចូលពន្ធនាគារផងដែរ៕