ក្រុមមន្រ្តីសុខភាពហ្កាហ្សានិយាយថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន ៨នាក់ និងមនុស្ស ២០នាក់ផ្សេងទៀត រងរបួស ពេលដែលពួកគេចូលរួមពិធីបុណ្យសពនៅទីក្រុង Nuseirat ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប ។

គ្រូពេទ្យបឋមនិយាយថា អ្នកដែលត្រូវសម្លាប់ទាំងនោះ រួមមានទាំងជនប៉ាឡេស្ទីន ៣នាក់ផ្សេងទៀត ដែលបានស្លាប់ អំឡុងការវាយប្រហារតាមច្រកអាកាសដាច់ដោយឡែកនៅកន្លែងផ្សេងទៀត ក្នុងដែនដីបិទច្រកមួយនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់កើនឡើងដល់ ១២នាក់ ។

ក្រុមហាម៉ាស ចាត់ទុកការវាយប្រហារនៅទីក្រុង Nuseirat ថាជាការសម្លាប់រង្គាលដ៏ឃោឃៅលើក្រុមអ្នកកាន់ទុក្ខ ហើយនិងជំរុញឲ្យក្រុមអ្នកសម្របសម្រួល ក៏ដូចជាអង្គការសហប្រជាជាតិ(UN) ចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ។
ការស្លាប់មនុស្សនេះដែរ បានធ្វើឲ្យចំនួនជនប៉ាឡេស្ទីនស្លាប់កើនឡើងដល់ជាង ១.១០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីខែតុលា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ៕