ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ការវាយប្រហារយានដ្រូនរបស់ប្រទេសលោកនៅតែបន្តដោយយុត្តិធម៌ និងសមាមាត្រ ជាការឆ្លើយតបនឹងការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ។
លោកនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X ថា ទីក្រុងគីវ បានវាយប្រហារទីតាំងភស្តុភារ ២កន្លែង ដែលត្រូវបានប្រើប្រាស់ដោយរុស្ស៊ី ដើម្បីផ្គត់ផ្គង់សមាសធាតុសម្រាប់ការផលិតយានដ្រូន និងឧបករណ៍នាំផ្លូវ ហើយដឺប៉ូប្រេងមួយកន្លែង រងការវាយប្រហារផងដែរ ។

លោក Zelenskiyបន្តថា រុស្ស៊ីមានឱកាសជាយូរមកហើយ ដើម្បីងាកមករកវិស័យការទូត ហើយនិងបញ្ចប់ការឈ្លានពានរបស់ពួកគេ ។ វាគឺជាការបដិសេធរបស់ថ្នាក់ដឹកនាំរុស្ស៊ី ហើយនិងគោលបំណងរបស់ពួកគេ ដើម្បីបន្តការប្រយុទ្ធគ្នា ដែលជាហេតុផល ធ្វើឲ្យសង្រ្គាមមួយនេះបន្ត ។

រលកនៃការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន បានសម្លាប់កម្មករ ៧នាក់ នៅក្នុងឃ្លាំងស្តុកទំនិញ ហើយនិងបណ្តាលឲ្យមនុស្សជាច្រើននាក់ទៀត រងរបួស ខណៈការវាយប្រហារមួយទៀត បង្កឲ្យកើតមានអគ្គិភ័យនៅក្នុងដឺប៉ូស្តុកប្រេងមួយកន្លែងនៅក្នុងទីក្រុង Tambov Oblast របស់រុស្ស៊ី ។
លោក Evgeniy Pervyshov គឺជាអភិបាលក្រុង Tambov Oblast និយាយថា មនុស្ស ២៥នាក់ បានរងរបួស ក្រោយយានដ្រូនអ៊ុយក្រែន វាយប្រហារឃ្លាំងស្តុកទំនិញមួយកន្លែង គ្រប់គ្រងដោយក្រុមហ៊ុន Wildberries ដែលជាក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតធំបំផុតរបស់រុស្ស៊ី ស្ថិតក្នុងទីក្រុង Kotovsk មានចម្ងាយប្រហែល ៤៧៥គ.ម ភាគអាគ្នេយ៍ទីក្រុងមូស្គូ ៕