លោក Ratul Das គឺជាមន្រ្តីទាហានប៉ារ៉ាមួយរូបនិយាយថា មនុស្សយ៉ាងហោច ៨នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រផលិតផាវខុសច្បាប់មួយកន្លែង ស្ថិតនៅទីក្រុងភាគខាងលិច Ahmedabad ប្រទេសឥណ្ឌា ។

លោកបន្តថា មនុស្សប្រហែល ១២-១៥នាក់ បាននៅក្នុងរោងចក្រខុសច្បាប់នេះ ពេលដែលការផ្ទុះបានកើតឡើង ។ រថយន្តគិលានសង្រ្គោះមានគ្រូពេទ្យទៅជាមួយ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ និងបានសង្រ្គោះអ្នករងរបួសភ្លាមៗ ហើយនិងដឹកពួកគេទៅកាន់មន្ទីរពេទ្យបង្អែក ។

លោក Ratul និយាយទៀតថា ពួកយើងបានជូនដំណឹងផងដែរដល់នគរបាលស៊ីវិលពីហេតុការណ៍ផ្ទុះនេះ ហើយពួកគេបានចុះប្រតិបត្តិការភ្លាមៗជាមួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ហើយបច្ចុប្បន្នពួកយើងនៅបន្តចុះប្រតិបត្តិការសង្រ្គោះ ។
សូមបញ្ជាក់ថា ហេតុការណ៍ផ្ទុះបែបនេះ បានក្លាយជារឿងធម្មតាទៅហើយនៅតាមរោងចក្រផលិតផាវ ឬផលិតកាំជ្រួចផ្កាភ្ញីនៅក្នុងប្រទេសឥណ្ឌា ដោយសារពួកគេពុំមានឧបករណ៍ការពារឧបទ្ទេវហេតុបែបនេះ ឲ្យបានគ្រប់គ្រាន់ ៕