ភ្នំពេញ៖ មុនឈានទៅរកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ចាប់ផ្តើមរៀបចំវេទិកាស្មើភាពសម្រាប់គណបក្សនយោបាយជជែក និងបង្ហាញពីគោលនយោបាយរបស់ខ្លួនជូនប្រជាពលរដ្ឋអ្នកបោះឆ្នោត។
ស្របពេលយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ខិតចូលមកដល់ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ប្រាប់ BTV News ថា តាមនីតិវិធីមុនដំណើរការទៅរកការឃោសនាបោះឆ្នោត គ.ជ.ប បាមបង្កើតកម្មវិធីវេទិកាស្មើភាព ដើម្បីឲ្យគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតបានផ្សព្វផ្សាយពីកម្មវិធី ឬគោលនយោបាយរបស់ខ្លួន។
ឯកឧត្តម បន្តថា ខណៈគណបក្សនយោបាយមួយចំនួនបានចូលរួមវេទិកាស្មើភាពនាពេលនេះ នឹងប្រើប្រាស់ក្នុងការចាក់ផ្សាយនាអំឡុងឃោសនាបោះឆ្នោតរយៈពេល២សប្តាហ៍។
ទន្ទឹមគ្នានេះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសម្តែងការពេញចិត្តចំពោះការរៀបចំវេទិការស្មើភាពនេះ ដើម្បីអនុញ្ញាតឲ្យគណបក្សនយោបាយបានបង្ហាញកម្មវិធីនយោបាយសម្រាប់ប្រជាពលរដ្ឋពិចារណា ដើម្បីប្រៀបធៀបកម្មវិធីនយោបាយរបស់គណបក្សមួយទៅគណបក្សមួយផ្សេងទៀត។
វេទិកាស្មើភាព គឺជាវេទិកាដែលអញ្ជើញគណបក្សនយោបាយនានា ដែលត្រូវចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ បានបង្ហាញអំពីគោលនយោបាយស្មើភាពគ្នាទៅវិញទៅមក សម្រាប់ការចាក់ផ្សាយជូនប្រជាពលរដ្ឋបានទស្សនា និងពិចារណាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងធ្វើឡើងរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខ៕