រញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ បណ្តាលឲ្យអគារជាច្រើនខ្នងរងការខូចខាត នៅតំបន់ភាគខាងត្បូងម៉ិកស៊ិកបើទោះបីជាក្រុមអាជ្ញាធរនិយាយថា ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗនោះទេពីគ្រោះថ្នាក់ឬការខូចខាតធ្ងន់ធ្ងរក៏ដោយ ។ការរញ្ជួយដីនេះបានវាយប្រហារតំបន់ឆ្នេរដ្ឋភាគខាងត្បូង Chiapas របស់ម៉ិកស៊ិកដោយអង្រួនអគារនៅឆ្ងាយៗផងដែរ ដូចជានៅប្រទេសហ្គាតេម៉ាឡា និងប្រទេសអែលសាល់វ៉ាឌ័រ ។

នៅទីក្រុង Tapachula ក្រុមអ្នកស្រុកដែលបានផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាននិយាយរៀបរាប់ពីការអង្រួនដ៏ខ្លាំងក្លាខណៈអគារត្រូវបានបិទ ក្រោយរងការខូចខាត ។
អ្នកស្រុកម្នាក់និយាយថាអ្នកស្រីគិតដល់រឿងរ៉ាវដែលបានកើតឡើងនៅប្រទេសវេណេស៊ុយអេឡា ពេលដែលការរញ្ជួយដីកើតឡើង ពីព្រោះថាអ្នកបានមើលឃើញព័ត៌មានច្រើនណាស់ និងដឹងពីអ្វីដែលអាចនឹងកើតឡើង ។

ប្រធានាធិបតីម៉ិកស៊ិកលោកស្រីClaudiaSheinbaum និយាយថា ពិធីសារសង្រ្គោះបន្ទាន់ ត្រូវបានដាក់ចេញ ប៉ុន្តែទាំងរដ្ឋChiapas និងរដ្ឋជិតខាង Tabascoពុំបានរាយការណ៍ពីបញ្ហាណាមួយនោះទេ ហើយប្រធានាធិបតីហ្គាតេម៉ាឡាលោក BernardoArévalo និយាយថា ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតកើតឡើងនោះដែរ ។
បន្ទាប់ពីភាពរំញ័រប្រព័ន្ធព្រមានរលកស៊ូណាមិសហរដ្ឋអាមេរិកនិយាយថា រលកស៊ូណាមិដ៏គ្រោះថ្នាក់អាចនឹងកើតឡើងនៅតាមតំបន់ឆ្នេរ ស្ថិតក្នុងចម្ងាយ ៣០០គ.មពីចំណុចកណ្តាលនៃការរញ្ជួយដីដែលស្ថិតក្នុងសមុទ្រចម្ងាយ ៥៨គ.ម ពីទីក្រុងតំបន់ឆ្នេរ Puerto Chiapas ៕