អាជីវករ និងកសិករដែលបាននាំយកបន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុកមកតាំងបង្ហាញ និងលក់ដូរក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ២០២៦ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលផលិតផលក្នុងស្រុកគ្រប់ប្រភេទទទួលបានការគាំទ្រខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
អាជីវករ និងកសិករ ថ្លែងអំណរគុណដល់ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងដែលបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើនេះឡើងដើម្បីផ្ដល់ឱកាសឱ្យពួកគាត់បាននាំយកផលិតផលមកតាំងបង្ហាញ និងលក់ជូនភ្ញៀវទេសចរ។
អាជីវករ និងកសិករ មើលឃើញថា ព្រឹត្តិការណ៍នេះបាននិងកំពុងដំណើរការប្រកបដោយភាពអធិកអធម មានអ្នកចូលរួមយ៉ាងច្រើនកុះករក្រោមបរិយាកាសសប្បាយរីករាយ ធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព។
អាជីវករ និងកសិករ ចង់ឱ្យមានការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក។
សូមជម្រាបថា ដើម្បីលើកកម្ពស់វិស័យកសិកម្ម ជំរុញការផ្សព្វផ្សាយផ្លែឈើដែលមានគុណភាពរបស់ខេត្តបាត់ដំបង បង្កើនទីផ្សារសម្រាប់កសិករ និងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌ក្នុងខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្ត។
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្ហាញសក្តានុពលវិស័យកសិកម្ម និងវិស័យទេសចរណ៍របស់ខេត្តបាត់ដំបង តាមរយៈការតាំងបង្ហាញ និងលក់ផលិតផលផ្លែឈើព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មក្នុងស្រុកជាច្រើនប្រភេទសំដៅរួមចំណែកលើកកម្ពស់តម្លៃផលិតផលក្នុងស្រុក បង្កើនឱកាសទីផ្សារសម្រាប់ប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងវិស័យទេសចរណ៍របស់ខេត្តឱ្យកាន់តែមានភាពរីកចម្រើន៕




