ក្រុមអាជ្ញាធរសុខាភិបាលបាននិយាយថា ស្ត្រីអាយុ ២០ ឆ្នាំម្នាក់បានស្លាប់នៅថ្ងៃអាទិត្យ ១៩ កក្កដានេះ ដោយសាររបួសក្នុងអគ្គិភ័យឆេះក្លឹបកម្សាន្តរាត្រីដ៏ធំមួយនៅទីក្រុងបាងកក ប្រទេសថៃកាលពីមួយសប្តាហ៍មុន ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យនោះ កើនឡើងដល់ ៣៤ នាក់។

អគ្គិភ័យដ៏សាហាវនេះបានឆាបឆេះក្លឹបកម្សាន្តរាត្រី និងភោជនីយដ្ឋាន Rong Beer Na Lad Phrao ដ៏ពេញនិយមនៅយប់ថ្ងៃទី ១២ ខែកក្កដា ដោយបានលេបត្របាក់វេទិកាប្រគំតន្ត្រីផ្ទាល់យ៉ាងឆាប់រហ័ស។
នគរបាលបានប្រាប់សារព័ត៌មាន AFP កាលពីសប្តាហ៍មុនថា ជនរងគ្រោះភាគច្រើនបានស្លាប់ដោយសារការស្រូបផ្សែង ខណៈអ្នកផ្សេងទៀតបានស្លាប់ក្នុងមន្ទីរពេទ្យដោយសាររបួសរលាកធ្ងន់ធ្ងរ។
ក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលមូលហេតុនៃអគ្គិភ័យ និងមូលហេតុដែលបណ្តាលឱ្យមានមនុស្សស្លាប់ច្រើន ដោយសាកសពជនរងគ្រោះជាច្រើនត្រូវបានរកឃើញនៅក្នុងបង្គន់ និងមន្ត្រីកំពុងសួរថាតើច្រកចេញអគ្គិភ័យត្រូវបានរារាំងឬអត់។
អ្នកជំនាញសុវត្ថិភាពអគារម្នាក់បានប្រាប់ AFP មុននេះថាភោជនីយដ្ឋាន Rong Beer Na Lat Phrao ហាក់ដូចជាខ្វះប្រព័ន្ធសុវត្ថិភាពដែលត្រូវការសម្រាប់ហ្វូងមនុស្សយ៉ាងច្រើន និងព្រឹត្តិការណ៍ប្រគំតន្ត្រីផ្ទាល់ដែលខ្លួនបានរៀបចំ៕

