យោធាសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដើម្បី «ដាក់ទណ្ឌកម្មភ្លាមៗ» លើកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ប្រទេសនេះ ចំពោះការវាយប្រហារមួយដែលបានសម្លាប់សមាជិកយោធាអាមេរិកពីរនាក់ និងបានធ្វើឱ្យម្នាក់បាត់ខ្លួន និងបួននាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តំបន់មួយក្បែរទីក្រុង Sirik ក្នុងខេត្តហ័រម៉ូសហ្គាន (Hormozgan) របស់អ៊ីរ៉ង់ និងកោះ Qeshm ត្រូវបានវាយប្រហារនៅយប់ទី៨ជាប់ៗគ្នានៃការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr និង Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។

យោងតាមរបាយការណ៍នានារបស់អ៊ីរ៉ង់ ការវាយប្រហារទាំងនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ដោយវាយប្រហារ ទីក្រុង Sirik នៅម៉ោង ១ និង៣០នាទីព្រឹកម៉ោងក្នុងតំបន់ និងកោះ Qeshm នៅម៉ោងប្រហែល៣និង៣៨នាទី ព្រឹកម៉ោងក្នុងតំបន់ថ្ងៃអាទិត្យនេះ និងម្តងទៀតនៅម៉ោង៦ និង១០នាទី ព្រឹកម៉ោងក្នុងតំបន់។
សារព័ត៌មាន Tasnim ក៏បាននិយាយផងដែរថា យោធាសហរដ្ឋអាមេរិកបានកំណត់គោលដៅទីតាំងមួយក្បែរទីក្រុង Shadegan ក្នុងខេត្ត ឃូហ្សេស្ថាន (Khuzestan) របស់អ៊ីរ៉ង់ នៅម៉ោង ៥និង៥៥នាទី ព្រឹកថ្ងៃអាទិត្យនេះ ម៉ោងក្នុងតំបន់។
របាយការណ៍ទាំងនោះបាននិយាយថា មិនមានអ្នករងរបួសទេ ហើយហេដ្ឋារចនាសម្ព័ន្ធលំនៅឋាន និងពាណិជ្ជកម្មក៏មិនរងការខូចខាតក្នុងការវាយប្រហារនោះដែរ៕