ក្រុមអាជ្ញាធរនិយាយថា សិស្សសាលា ២០នាក់ បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងនៅតំបន់ភាគខាងកើតប្រទេសអ៊ូហ្គង់ដា ពេលដែលពួកគេធ្វើដំណើរវិលត្រឡប់ពីជ្រោះ Sipi វិញ ។ យោងតាមការអះអាងរបស់សាក្សីម្នាក់ បានឲ្យដឹងថា រថយន្តក្រុងមួយគ្រឿងនេះ បើកបរក្នុងល្បឿនលឿន ពេលដែលវាបុកថ្ម ។

លោកបន្តថា ដំបូលដាច់ចេញពីរថយន្ត ហើយរថយន្តបានធ្លាក់ចុះតាមជម្រាលផ្លូវ ។ លោកក៏បានប្រញាប់ទៅជួយទាញក្មេងៗរងរបួសចេញពីកន្លែងកើតហេតុ ពេលដែលអ្នកជិះទោចក្រយានយន្តដឹកពួកគេទៅកាន់មណ្ឌលសុខភាពបង្អែក ។

នគរបាលអ៊ូហ្គង់ដា និយាយថា ការស៊ើបអង្កេតបឋមបង្ហាញថា អ្នកបើកបរបាត់បង់ម្ចាស់ការលើខ្លួនឯង ហើយរថយន្តក៏បើកធ្លាក់ផ្លូវ ក្រោយបុកដុំថ្មដ៏ធំមួយ ។
ក្រុមអាជ្ញាធរនិយាយថា មនុស្សចាស់ម្នាក់ បានស្លាប់ផងដែរ ហើយមនុស្សចាស់ និងក្មេងៗជាច្រើននាក់ទៀត ស្ថិតក្នុងចំណោមអ្នករងរបួស ។
សូមបញ្ជាក់ថា ឧបទ្ទេវហេតុតាមដងផ្លូវ បានក្លាយជារឿងធម្មតាទៅហើយនៅប្រទេសអ៊ូហ្គង់ដា ជាទីដែលក្រុមអ្នកជំនាញ តែងតែដាក់ការស្តីបន្ទោសលើរថយន្តចាស់ទ្រុឌទ្រោម គ្មានការថែទាំឲ្យបានត្រឹមត្រូវ ហើយនិងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អន់ ៕