មនុស្សយ៉ាងហោច ១៤នាក់បានស្លាប់ និងមនុស្ស ៥នាក់ផ្សេងទៀត រួមទាំងកុមារ ២នាក់ រងរបួស ក្រោយរថយន្តក្រុងមួយគ្រឿង ធ្លាក់ចូលជ្រោះជម្រៅប្រហែល ៥០០ម៉ែត្រ ស្ថិតនៅតំបន់ភាគខាងជើង Cajamarca ប្រទេសប៉េរូ ។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា រថយន្តក្រុងដែលប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូន Veloz del Valle និងស្ថិតនៅតាមផ្លូវរវាងតំបន់ Cajamarca និងតំបន់ Ciudad de Diosនោះ បាត់បង់ម្ចាស់ការនៅលើផ្លូវកោង ជិតទីស្មសាននៅតំបន់ Chotén ។

លោក Edson Roman គឺជាភ្នាក់ងារពន្លត់អគ្គិភ័យមួយរូបនិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រតិបត្តិការជួយសង្រ្គោះ ត្រូវបានរារាំងដោយសារជម្រៅដ៏ជ្រៅរបស់ជ្រោះ ហើយនិងកង្វះភ្លើងបំភ្លឺ ប៉ុន្តែក្រុមការងារពុំបានបញ្ឈប់ការរុករកនោះទេ រហូតដល់រកឃើញជនរងគ្រោះទាំងអស់ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា សាកសពរបស់មនុស្សស្លាប់ ត្រូវបាននាំយកទៅកាន់សាលតម្កល់សពតំបន់ Cajamarca ដើម្បីកំណត់អត្តសញ្ញាណ ក្នុងនោះក្រុមអាជ្ញាធរនិយាយថា ពួកគេនឹងប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕