ភ្នំពេញ៖ សមាគមអ្នកនាំចូលកូរ៉េ នឹងធ្វើការនាំចូលស្វាយស្រស់ពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ បន្ទាប់ពីស្វាយស្រស់របស់កម្ពុជា មានការគាំទ្រច្រើនជំរុញឱ្យមានតម្រូវការខ្ពស់។
អនុប្រធានសមាគមអ្នកនាំចូលកូរ៉េលោក Gyuhwa JANG លើកឡើងបែបនេះ នៅក្នុងជំនួបការងារជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដោយមានការចូលរួមដោយលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅ។
ជំនួបខាងលើនេះ គឺធ្វើឡើង ដើម្បីពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានបញ្ជាក់ថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ។
ក្នុងឱកាសនោះ លោកស្រីប្រធានក្រុមហ៊ុន GADOSH បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោលបំណងក្នុងការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបថា ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ជាពិសេសក្រសួង នឹងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។
បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែច្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។
ប្រទេសកម្ពុជាមានផ្ទៃដីដាំស្វាយចំនួន ១២៤ ពាន់ហិកតា ក្នុងនោះ ៩១ ពាន់ហិកតា ត្រូវបានប្រមូលផល ទទួលបានទិន្នផលជាមធ្យម ១.៤៤៨.៦៧៧ តោនក្នុងមួយរដូវ។
កម្ពុជា ចាប់ផ្តើមនាំចេញស្វាយស្រស់ដំបូងទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង នៅខែមករា ឆ្នាំ២០២០ បន្ទាប់ពីចំណាយពេលចរចាលើនិតីវិធី និងបំពេញវិធានការតម្រូវ ច្រើនឆ្នាំ៕
អត្ថបទ៖បូរ៉ាវី

