នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះល្បិចកលអូសទាញធ្វើការងារប្រាក់ខែខ្ពស់របស់ក្រុមឧក្រិដ្ឋជនអនឡាញ (Online Scams)។
ក្រុមជនល្មើសជារឿយៗតែងតែប្រើប្រាស់រូបភាពល្បួងលួងលោមផ្សេងៗ ដូចជា ការងារងាយស្រួល ចំណូលខ្ពស់ហួសពីការពិត ក្នុងបំណងបោកបញ្ឆោត ឬបង្ខាំងជនរងគ្រោះឱ្យធ្វើការខុសច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបន្តថា វិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់៖ កុំជឿ៖ ការផ្សព្វផ្សាយការងារអនឡាញណាដែលសន្យាផ្តល់ចំណូលខ្ពស់ហួសហេតុ តែគ្មានលក្ខខណ្ឌការងារច្បាស់លាស់។ កុំប្រញាប់ផ្តល់ព័ត៌មានផ្ទាល់ខ្លួន៖ មិនត្រូវផ្ញើអត្តសញ្ញាណបណ្ណ លេខគណនី ឬទិន្នន័យសម្ងាត់ឱ្យទៅអ្នកដែលមិនស្គាល់អត្តសញ្ញាណឡើយ។
ត្រូវស្រាវជ្រាវប្រភព៖ ពិនិត្យមើលច្បាប់អនុញ្ញាត និងអត្តសញ្ញាណក្រុមហ៊ុនពិតប្រាកដមុននឹងសម្រេចចិត្តចុះឈ្មោះ។
ត្រូវដឹងសញ្ញាព្រមាន៖ ប្រសិនបើតម្រូវឱ្យបង់ប្រាក់កក់ ឬលុយសេវាផ្សេងៗមុនចូលធ្វើការ នោះជាល្បិចបោកប្រាស់ហើយ៕ អត្ថបទ៖ វង្ស សុភាព
