ក្រុមជួយសង្រ្គោះ បានរកឃើញអ្នករស់រាន ៥នាក់ រួមទាំងក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ផងដែរ ពីទូកដឹកអ្នកដំណើរមួយគ្រឿងដែលបានលិចនៅដែនទឹកភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ហើយនិងកំពុងតាមរកមនុស្ស ២០នាក់ផ្សេងទៀត ដែលកំពុងបាត់ខ្លួន ។

ទូក KM Nurul Salsa ដែលដឹកអ្នកដំណើរ និងនាវិក ៧៨នាក់ បានជួបបញ្ហាម៉ាស៊ីន ហើយនិងបានលិចកាលពីថ្ងៃពុធ នៅចម្ងាយប្រហែល ៧៩គ.មពីកំពង់ផែលើកោះ Selayar ស្ថិតក្នុងខេត្តស៊ូឡាវេស៊ីខាងត្បូង ។

លោក Muhammad Arif Anwar គឺជាប្រធានការិយាល័យស្រាវជ្រាវ និងជួយសង្រ្គោះក្រុង Makassarនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នករស់រាន ៥នាក់នេះ ត្រូវបានរកឃើញកាលពីយប់ថ្ងៃសៅរ៍ ដោយពួកគេតោងឧបករណ៍នេសាទត្រី របស់ប្រជាអ្នកនេសាទ ។ មនុស្សម្នាក់ ត្រូវបានគេដឹងថា ស្លាប់ពីឧបទ្ទេហេតុលិចទូកនេះ ។
កាលពីមុន ការិយាល័យស្រាវជ្រាវ និងជួយសង្រ្គោះក្រុង Makassarរាយការណ៍ថា ទូកមួយគ្រឿងនេះ បានដឹកមនុស្ស ៧៤នាក់ ពេលដែលវាចាកចេញពីកោះ Jampea ប៉ុន្តែក្រោយមកតួលេខខាងលើ ត្រូវបានបង្កើនដល់ចំនួន ៧៨នាក់វិញ ៕