បារាំង៖ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងថា សហភាពអឺរ៉ុបត្រូវតែបញ្ឈប់ការពឹងផ្អែកលើអាមេរិកសម្រាប់សន្តិសុខ ហើយពេលនេះត្រូវតែពឹងផ្អែកលើកងកម្លាំងយោធាខ្លួនឯង ដើម្បីការពារប្រទេសរបស់ខ្លួន។
ក្នុងសុន្ទរកថាមួយថ្លែងទៅកាន់ក្រុមឯកអគ្គរដ្ឋទូតប្រចាំ នៅប្រទេសបារាំងកាលពីថ្ងៃចន្ទ លោក ម៉ាក្រុង និយាយថា លោកនឹងដាក់សំណើថ្មីមួយចំនួនទៅកាន់សហភាពអឺរ៉ុប ដើម្បីពង្រឹងផ្នែកសន្តិសុខ ហើយថាប្រទេសទាំងអស់នៅអឺរ៉ុបរួមទាំងរុស្ស៊ីផង គួរតែចូលរួមពិភាក្សាផ្ដោតលើសហប្រតិបត្តិការការពារជាតិ។ លោកថា អឺរ៉ុបមិនអាចពឹងផ្អែកទៅលើអាមេរិកទាំងស្រុងនោះឡើយ សម្រាប់ផ្នែកសន្តិសុខរបស់ខ្លួន។ វាអាស្រ័យទៅលើពួកលោក ដែលត្រូវដោះស្រាយការទទួលខុសត្រូវ និងការធានាសន្តិសុខរបស់ខ្លួន។
ចាប់តាំងពីការបោះឆ្នោតកាលពីខែឧសភាឆ្នាំ 2017 មក មេដឹកនាំវ័យ 40ឆ្នាំរូបនេះបានធ្វើយុទ្ធនាការ ដើម្បីធ្វើសមាហរណកម្មសហគមន៍អឺរ៉ុបបន្ថែមទៀត តាមរយៈថវិកាការពារជាតិ និងគោលនយោបាយសន្តិសុខរួម។ នៅក្នុងសុន្ទរកថានោះលោក ម៉ាក្រុង បាននិយាយថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ី គួរតែកើតមានឡើងនៅលើលក្ខខណ្ឌ ដែលថាមានសន្ទុះជឿនលឿនជាមួយក្រុងមូស្គូ ស្ដីពីការប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែនខាងកើត៕
អត្ថបទ៖ សុខមាន