ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានរបូតឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី២ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Women's Cup 2026 ក្រោយចាញ់ក្រុមជម្រើសជាតិនារីឡាវ ដោយលទ្ធផល ១-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ តែកម្ពុជាត្រូវការជ័យជម្នះដាច់ខាត ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ ដើម្បីមានកៅអីចូលរួមការប្រកួតពានរង្វាន់កម្រិតទី១ ប្រចាំតំបន់ AFF Women’s Championship នាឆ្នាំ២០២៧ ខាងមុខ។
ជាមួយលទ្ធផលដ៏ខកចិត្ត បន្ទាប់ពីរបូត ១គ្រាប់ នៅ ១នាទីដំបូងនៃការប្រកួត ដែលរកបានដោយកីឡាការិនីឡាវ Anna Keo Onsy ក្រុមបាល់ទាត់នារីកម្ពុជា បានព្យាយាមវាយបកពេញ ៩០នាទី តែមិនអាចស្វែងរកគ្រាប់បាល់បាន ទោះបីមានឱកាសជាច្រើន រួមទាំងឱកាសរកបានគ្រាប់បាល់ហើយ តែបានត្រឹមសោកស្ដាយ បន្ទាប់ពីត្រូវអាជ្ញាកណ្ដាលចាប់គ្រាប់បាល់នោះ កីឡាការិនីកម្ពូជា ស្ថិតនៅជំហរ OffSide ដែលធ្វើឲ្យខកខានឱកាសតាមស្មើ និងរក្សាលទ្ធផល ១-០ ដូចប់ការប្រកួតពេញម៉ោងតែម្ដង។
ក្រោយអស់ឱកាសដណ្ដើមពានកម្រិតទី២ នេះ ក្រុមជម្រើសជាតិនារីកម្ពុជា នៅសល់ឱកាសដណ្ដើមចំណាត់ថ្នាក់លេខ៣ ទល់នឹងក្រុមជម្រើសជាតិសិង្ហបុរី ដែលរងបរាជ័យទល់នឹងក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ២-០ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញ ។ ឥណ្ឌូនេស៊ី នឹងត្រូវជួបឡាវ ដើម្បីដណ្ដើមជើងឯក តែកម្ពុជា ក្រៅពីត្រូវដណ្ដើមចំណាត់ថ្នាក់លេខ៣ ក៏ត្រូវការជ័យជម្នះនេះ ដើម្បីមានកៅអីចូលរួមការប្រកួតពានរង្វាន់កម្រិតកំពូល AFF Women’s Championship ជាមួយក្រុមឥណ្ឌូនេស៊ី និងឡាវ នាឆ្នាំក្រោយផងដែរ ដែលមានបេក្ខភាព ៥ក្រុមទៀតង កំពុងឈរចាំ។
ជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងកម្ពុជា និងសិង្ហបុរី នឹងប្រព្រឹត្តទៅនាវេលាម៉ោង ៣៖៤៥នាទីរសៀលថ្ងៃទី២២ ខែកក្កដា (ពេលវេលានៅកម្ពុជា) មុនឈានដល់ការប្រកួតដណ្ដើមជើងឯក AFF Women's Cup 2026 រវាងឡាវ និងឥណ្ឌូនេស៊ី នាវេលាម៉ោង ៧ៈ៤៥នាទីយប់ថ្ងៃដដែល៕ អត្ថបទ លី ឈុនឡា










