ប្រធានការពារជនស៊ីវិលរបស់ប្រទេសប៉េរូ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លាប់ និង ២១ នាក់រងរបួស បន្ទាប់ពីរញ្ជួយដីពីរលើកបានវាយប្រហារតំបន់ភ្នំមួយនៃប្រទេសប៉េរូ ។

ការរញ្ជួយដីទាំងនេះ ដែលមានកម្រិត ៥,១ និង ៣,៧ រ៉ិចទ័រ បានវាយប្រហារកាលពីយប់ថ្ងៃសៅរ៍នៅក្នុងខេត្ត Chupaca ក្នុងតំបន់ Junín ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Lima នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គម X របស់មជ្ឈមណ្ឌលរញ្ជួយដីជាតិប្រទេសប៉េរូ។
មជ្ឈមណ្ឌលខាងលើបាននិយាយថា រញ្ជួយដីលើកដំបូងបានវាយប្រហារនៅជម្រៅ ២៤ គីឡូម៉ែត្រ និងលើកទីពីរនៅជម្រៅ ១៨ គីឡូម៉ែត្រ។

មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ ដំបូងឡើយបានរាយការណ៍ថា រញ្ជួយដីលើកដំបូងមានកម្រិត ៥,៦ រ៉ិចទ័រ។
លោក Luis Vásquez ប្រធានវិទ្យាស្ថានការពារជនស៊ីវិលជាតិរបស់ប្រទេសប៉េរូ បានប្រាប់ស្ថានីយ៍វិទ្យុក្នុងស្រុក Exitosa ថា របាយការណ៍បឋមបានបង្ហាញថា ផ្ទះប្រហែល ៤៨ ខ្នងត្រូវបានបំផ្លាញ និង ១៨ ខ្នងផ្សេងទៀតរងការខូចខាត ដោយប៉ះពាល់ដល់មនុស្សប្រហែល ៣០០ នាក់ ដែលកំពុងត្រូវបានផ្តល់តង់ជាជម្រកស្នាក់នៅបណ្ដោះអាសន្ន៕
