ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោកជាលើកទីពីរ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ក្នុងលទ្ធផល ១-០ ក្រោយការប្រកួតអូសបន្លាយដល់ម៉ោងបន្ថែម ១៥ នាទីពីរដងនៃវគ្គផ្តាច់ព្រ័ត្រ។
គ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់របស់អេស្ប៉ាញ កើតឡើងនៅត្រឹម ៣៧ វិនាទីដំបូងនៃវគ្គទីពីរនៃម៉ោងបន្ថែម។ កីឡាករបម្រុងទាំងពីរ Ferran Torres បានស៊ុតបាល់បញ្ចូលទីក្រោតទទួលបាល់តែតទម្លាក់ពី Nico Williams។
ជើងឯកអឺរ៉ុបបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង និងបង្កើតឱកាសជាច្រើន ប៉ុន្តែមិនអាចទម្លុះសំណាញ់ទីរបស់អ្នកចាំទី Emiliano Martinez បានឡើយ រហូតដល់គ្រាប់បាល់របស់ Torres។
ចំណែកក្រុមអាហ្សង់ទីន ដែលសង្ឃឹមការពារតំណែងជើងឯក និងក្លាយជាក្រុមដំបូងចាប់តាំងពីប្រេស៊ីលក្នុងឆ្នាំ១៩៦២ ដែលឈ្នះពាន World Cup ពីរលើកជាប់គ្នា បានបង្ហាញទម្រង់លេងប្រយុទ្ធមិនសូវមានប្រសិទ្ធភាព ហើយថែមទាំងនៅសល់ត្រឹម ១០ នាក់ផងដែរ បន្ទាប់ពី Enzo Fernandez ទទួលបានកាតលឿងទីពីរនៅនាទីទី ៩០+២។
ប្រធានក្រុម Lionel Messi វ័យ ៣៩ ឆ្នាំ បានបញ្ចប់ការប្រកួតដោយការខកចិត្ត ខណៈវគ្គផ្តាច់ព្រ័ត្រ World Cup លើកនេះ ត្រូវបានគេចាត់ទុកថា អាចជាការបង្ហាញខ្លួនលើកចុងក្រោយរបស់រូបគេក្នុងព្រឹត្តិការណ៍នេះ។
ក្រោយចប់ការប្រកួតគ្រូបង្វឹកអាហ្សង់ទីនលោក Lionel Scaloni បានសម្រក់ទឹកភ្នែក និងសម្តែងពីអារម្មណ៍សោកស្តាយ ព្រោះមិនអាចនាំយកពានរង្វាន់ត្រឡប់ទៅផ្ទះបាន ហើយថាអេស្ប៉ាញសមនឹងឈ្នះ និងគ្រងជើងឯកពិភពលោកនៅពេលនេះ។
គ្រូបង្វឹកវ័យ ៤៨ ឆ្នាំរូបនេះ ក៏បានផ្តល់ការកោតសរសើរខ្ពស់បំផុតដល់ប្រធានក្រុម Lionel Messi ដែលបានក្លាយជាកីឡាករទីពីរប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីវីរបុរសប្រេស៊ីល Cafu ដែលបានបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ចំនួនបីលើក៕ អត្ថបទ៖នាង សុភាវុធ






