ក្រុមមន្ត្រីបាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទីក និងយានដ្រូន ជាច្រើនលើកទៅលើប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបីនាក់ និង មនុស្សរាប់សិបនាក់រងរបួស។មនុស្សបួននាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Kharkiv ភាគឦសាន ហើយស្ត្រីចំណាស់ម្នាក់បានស្លាប់ក្នុងរដ្ឋធានី Kyiv។ មានអ្នកស្លាប់ពីរនាក់ទៀតនៅទីក្រុង Zaporizhzhia នៅភាគខាងត្បូង និងម្នាក់ក្នុងទីក្រុង Sumy នៅភាគឦសាន។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ការវាយឆ្មក់លើទីក្រុង Kyiv គឺជា ការវាយប្រហារដោយមីស៊ីលបាលីស្ទីកដ៏ធំបំផុតមួយ ចាប់តាំងពីរុស្ស៊ីបានបើកការលុកលុយទ្រង់ទ្រាយធំនៅឆ្នាំ២០២២។ទន្ទឹមនឹងនេះ អ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយប្រហារនាវាដឹកប្រេងរបស់រុស្ស៊ីចំនួនបីគ្រឿងនៅក្នុងសមុទ្រខ្មៅ និងឃ្លាំងប្រេងចំនួនបីនៅក្នុងតំបន់ Stavropol ភាគខាងត្បូង។លោកថា ទាំងនោះជាគោលដៅដែលផ្តល់ហិរញ្ញប្បទានដល់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី។

ទីតាំងមួយចំនួនក្នុងតំបន់ Kyiv ត្រូវបានវាយប្រហារពេញមួយយប់។ យោធាអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសក្នុងរដ្ឋធានីបានបាញ់ទម្លាក់មីស៊ីលចំនួន១៨ គ្រាប់ក្នុងចំណោម៤១ គ្រាប់។ ប្រព័ន្ធទាំងនោះក៏បានស្ទាក់ចាប់យានដ្រូនចំនួន ១០៨ គ្រឿងផងដែរ។
លោក Oleh Syniehubov ប្រធានតំបន់ Kharkiv បាននិយាយថា ស្ថានីយប្រៃសណីយ៍មួយកន្លែងនៅជាយក្រុងត្រូវបានវាយប្រហារ ដោយបុរសបួននាក់មានអាយុចន្លោះពី ២៤ ទៅ៦២ ឆ្នាំបានស្លាប់។ អ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
នៅក្នុងសារលើ Telegram លោក Zelenskyy បាននិយាយថា ក្នុងសប្តាហ៍មុន រុស្ស៊ីបានប្រើប្រាស់យានដ្រូនវាយប្រហារប្រហែល ១.៤៥០ គ្រឿង គ្រាប់បែកនាំផ្លូវជាង១.៦៤០ គ្រាប់ និងមីស៊ីលចំនួន ៩៩ គ្រាប់ ប្រភេទផ្សេងៗគ្នាប្រឆាំងនឹងអ៊ុយក្រែន៕
