ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស៊ើបអង្កេតរបាយការណ៍នៃការវាយប្រហារកាលពីពេលយប់លើការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Darkhovin ក្នុងខេត្ត Khuzestan របស់អ៊ីរ៉ង់។ យោងតាមទីភ្នាក់ងារ IAEA បានឲ្យដឹងថា រោងចក្រថាមពលនុយក្លេអ៊ែរ Darkhovin ស្ថិតក្នុងដំណាក់កាលដំបូងនៃការសាងសង់។

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារទៅកាន់ទីតាំងនោះពុំមានសម្ភារៈនុយក្លេអ៊ែរណាមួយមាននៅទីនោះទេ។ ជាលទ្ធផល ទីភ្នាក់ងារ IAEA បានវាយតម្លៃថា ការវាយប្រហារនេះមិនទំនងជាបង្កគ្រោះថ្នាក់វិទ្យុសកម្មណាមួយឡើយ។
លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារ IAEA បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោកសម្រាប់ភាពអត់ធ្មត់ខាងយោធានៅក្នុងតំបន់ជុំវិញទីតាំងទាក់ទងនឹងនុយក្លេអ៊ែរទាំងអស់។ ទីភ្នាក់ងារ បាននិយាយថា ខ្លួនបានទាក់ទងជាមួយអាជ្ញាធរអ៊ីរ៉ង់ជុំវិញឧបទ្ទវហេតុនេះ ហើយនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលដែលមានព័ត៌មានបន្ថែម។

អង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បាននិយាយថា ការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Darkhovin ក្នុងខេត្ត Khuzestan ភាគនិរតីប្រទេសអ៊ីរ៉ង់ ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោងរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន អង្គការថាមពលអាតូមិកអ៊ីរ៉ង់(AEOI) បាននិយាយថា ការវាយប្រហារនេះបានកើតឡើងដោយចាត់ទុកថាជា «សកម្មភាពឈ្លានពាន» ដែលរំលោភលើអធិបតេយ្យភាពជាតិរបស់អ៊ីរ៉ង់ និងច្បាប់អន្តរជាតិ ។