ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាននិងកំពុងចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងធម្មការ និងសាសនា។
ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនាពេលនេះ មានការអញ្ជើញចុះពិនិត្យ និងតាមដានជាប់ជាប្រចាំនៅទីតាំងដោយផ្ទាល់ពី ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី។
ក្នុងដំណើរការនៃធ្វើជំរឿនដោយផ្ទាល់ពី ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗទៀត ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមអង្គភាពចំណុះក្រសួងធម្មការ និងសាសនា ចូលរួមធ្វើបច្ចុប្បន្នភាព និងជីវមាត្រ ព្រមទាំងបានបង្ហាញខ្លួន ក្នុងពេលចុះធ្វើជំរឿនាពេលនេះ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម តាមការកំណត់របស់គណៈកម្មការជំរឿន។
សូមជម្រាបថា ក្រសួងធម្មការ និងសាសនា ជាក្រសួងទី១៦ ដែលគណៈកម្មការជំរឿនបាន និងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងធម្មការ និងសាសនា ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី២០ និងទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំងចំនួន២ គឺនៅទីស្តីការក្រសួងធម្មការ និងសាសនា និងនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។






