ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងជំរុញឱ្យស្រ្តីក្លាយជាអ្នកវិទ្យាស្រ្ដីកាន់តែច្រើន ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានចំនួនស្រ្តីកាន់តែច្រើនបានចាប់យកជំនាញនេះ។
ក្នុងកិច្ចសម្ភាសន៍ពិសេស ជាមួយ BTV លោកស្រីបណ្ឌិត លី សុខនី អគ្គនាយករង នៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានលើ់កឡើងថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនស្រី្តឱ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ជាក់ស្តែង ក្រសួងឧស្សាហកម្ម បានធ្វើជាម្ចាស់ផ្ទះរៀបចំ “សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២” កាលពីថ្ងៃទី៨-១០ខែកក្កដា ឆ្នាំ២០២៦ ដែលមានស្ត្រីជាអ្នកវិទ្យាសាស្ត្រ នវានុវត្តន៍ករប្រមាណ ៩០រូប បានចូលរួម ក្នុងចំណោមចូលរួមសរុប ១៣៥រូប។ ព្រឹត្តិការណ៍នេះ បានរៀបចំឱ្យមានកិច្ចពិភាក្សាតុមូលពហុភាគីចំនួន១០ និងកម្មវិធីប្រកួតប្រជែងគំនិតនវានុវត្តន៍ ដែលអ្នកស្រាវជ្រាវជាស្ត្រី នឹងធ្វើបទបង្ហាញអំពីដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ពួកគេ។
ចំណែក កញ្ញាបណ្ឌិត ម៉ម អេឡែន សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវ វិស្វករគីមី និងបច្ចេកវិទ្យាចំណីអាហារនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលបានចូលរួម“សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២” បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានផ្តល់បទពិសោធន៍ដ៏ល្អសម្រាប់ស្រ្តីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញពីបញ្ហាប្រឈម និងផ្តល់ជាអនុស្សាសន៍បន្ថែមដាក់ជូនទៅរាជរដ្ឋាភិបាលដើម្បីបង្កើតជាគោលនយោបាយគាំទ្រដល់ស្រ្តីក្នុងវិស័យនេះ។ ជាមួយគ្នានេះ ការចូលរួមរបស់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍គឺជាការផ្តល់ឱកាសឱ្យស្រ្តីក្លាយជាអ្នកដឹកនាំក្នុងវិស័យនេះ កាន់តែច្រើន ដោយកញ្ញា ក៏បានកត់សម្គាល់ឃើញថា ចំនួនស្រ្តីកម្ពុជាកាន់តែច្រើនចាប់យកជំនាញ STEM។
ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ បានកំណត់ចក្ខុវិស័យក្នុងការពង្រឹងកម្លាំងពលកម្មនាពេលអនាគត ដោយធានាថា យ៉ាងហោចណាស់ ៥០ ភាគរយនៃនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ គឺមកពីជំនាញ STEM។ ផែនការនេះក៏ផ្តោតយ៉ាងខ្លាំងលើសមភាពយេនឌ័រ ដោយកំណត់គោលដៅឱ្យស្ត្រីមានចំណែកយ៉ាងហោចណាស់ពាក់កណ្តាលនៃអ្នកបញ្ចប់ការសិក្សាផ្នែក STEM ទាំងអស់៕អត្ថបទ៖ ធូ វិរៈ




