មន្ត្រីជាន់ខ្ពស់ហ៊ួទីម្នាក់កាលពីថ្ងៃអាទិត្យ បានព្រមានថា«គោលដៅសំខាន់ៗ»របស់អារ៉ាប៊ីសាអ៊ូឌីត គឺស្ថិតក្នុងចម្ងាយដែលកងកម្លាំងរបស់ក្រុមហ៊ួទីអាចបាញ់វាយប្រហារបាន ហើយថា ក្រុមនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការ«លះបង់គ្រប់យ៉ាង» ដើម្បីបញ្ចប់អ្វីដែលខ្លួនហៅថា ដាក់ការបិទផ្លូវលើប្រទេសយេម៉ែន។

លោក Abdullah Al-Naami សមាជិកនៃក្រុមប្រឹក្សានយោបាយជាន់ខ្ពស់របស់ក្រុមហ៊ួទី បានប្រាប់អ្នកផ្សាយព័ត៌មាន Al Mayadeen ដែលមានមូលដ្ឋាននៅលីបង់ថា អាកាសយានដ្ឋានអន្តរជាតិ Sanaa នឹងទទួលជើងហោះហើរពីគ្រប់ប្រទេសទាំងអស់ ហើយបានព្រមានថា ការប៉ុនប៉ងណាមួយរបស់អារ៉ាប៊ីសាអ៊ូ ឌីត ក្នុងការរារាំងជើងហោះហើរទៅ ឬមកពីអាកាសយានដ្ឋាននឹងបង្កឲ្យមាន «ការឆ្លើយតបដ៏ទូលំទូ លាយ»។

លោក Al-Naami ក៏បានព្រមានផងដែរថា ប្រសិនបើសហរដ្ឋអាមេរិកចូលរួមជាមួយអារ៉ាប៊ីសាអ៊ូឌីតក្នុងសកម្មភាពយោធាប្រឆាំងនឹងប្រទេសយេម៉ែន ទីក្រុងវ៉ាស៊ីនតោន«នឹងធ្លាក់ចូលក្នុងស្ថានភាពលំបាក»។
ការអត្ថាធិប្បាយនេះ បានធ្វើឡើង ស្របពេលមានភាពតានតឹងឡើងវិញលើអាកាសយានដ្ឋាន Sanaa។ កាលពីថ្ងៃចន្ទសប្តាហ៍មុន រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ បានវាយប្រហារលើផ្លូវយន្តហោះរត់របស់អាកាសយានដ្ឋាន Sanaa ដើម្បីរារាំងយន្តហោះអ៊ីរ៉ង់ដែលដឹកគណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហ៊ួទី មិនឲ្យចុះចត ដោយបង្ខំឲ្យយន្តហោះនោះបង្វែរទិសទៅកាន់ទីក្រុងHodeidah។ ក្រោយមក ក្រុមហ៊ួទី បានអះអាងថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនលើអាកាសយានដ្ឋានអន្តរជាតិ Abha របស់អារ៉ាប៊ីសាអ៊ូឌីត៕