អ្នកស្រី Maryam Aminu ហាក់មិនសូវភ្ញាក់ផ្អើលទេ នៅពេលដែលកូនចុងក្រោយក្នុងចំណោមកូន ៦នាក់របស់ខ្លួន ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានកង្វះអាហារូបត្ថម្ភក្នុងខែមេសាជាលើកទី២។ អ្នកស្រីស្ទើរតែមិនបានចិញ្ចឹមកូនអាយុ ១៨ខែ ឲ្យបានរស់រានមានជីវិត កុំថាឡើយអាហារដែលមានជីវជាតិគ្រប់គ្រាន់។

ទោះបីជាគ្រួសារនៅភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា បានតស៊ូទ្រាំជាមួយនឹងការលំបាកផ្នែកសេដ្ឋកិច្ចក៏ដោយ ស្ថានភាពរបស់ពួកគេកាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីខែកុម្ភៈ នៅពេលដែលស្វាមីរបស់ខ្លួន គឺ លោក Shehu Aminu បានបាត់បង់ការងារជាអ្នកបើកតាក់ស៊ី ដោយសារតែការកើនឡើងនៃតម្លៃលក់រាយប្រេងឥន្ធនៈដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់។

អ្នកស្រី Aminu បាននិយាយនៅក្នុងតំបន់រស់នៅនៃផ្ទះពីរបន្ទប់គេងដែលមិនទាន់លាបពណ៌របស់ពួកគេនៅក្នុងទីប្រជុំជន Kware នៃទីក្រុង Sokoto ខណៈពេលដែលផេះពីចង្ក្រានធ្យូងថ្មហុយចូលទៅក្នុងបន្ទប់គេង។ «ពេលវេលា គឺលំបាក ហើយពុំមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ»។
យោងតាមបុគ្គលិកសុខាភិបាល និងជំនួយក្នុងស្រុក ដែលបានលើកឡើងពីផលប៉ះពាល់ពីសង្គ្រាមអ៊ីរ៉ង់ បានឲ្យដឹងថា កុមារដែលកើតជំងឺកង្វះអាហារូបត្ថម្ភ បានក្លាយជារឿងកើតឡើងជាទូទៅនៅក្នុងរដ្ឋនេះ និងនៅទូទាំងភាគខាងជើងប្រទេសនីហ្សេរីយ៉ា៕