លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសបរទេស និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី(RDIF) បាននិយាយថា មូលហេតុនៃវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន នៅក្នុងសហភាពអឺរ៉ុប គឺបណ្តាលមកពីទណ្ឌកម្មលើរុស្ស៊ី និង ការគ្រប់គ្រងអន្តោប្រវេសន៍មិនបានល្អ។

លោកបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលទណ្ឌកម្មរបស់សហភាពអឺរ៉ុបមិនមានប្រជាប្រិយភាពនៅអឺរ៉ុប - ពួកគេមិនដំណើរការ និងធ្វើឱ្យប្រទេសសហភាពអឺរ៉ុបខាតបង់ជាង ៣ ពាន់ពាន់លានអឺរ៉ូ។ ការដួលរលំសេដ្ឋកិច្ចដែលបំផ្លាញខ្លួនឯងរបស់សហភាពអឺរ៉ុប ត្រូវបានជំរុញដោយទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងអន្តោប្រវេសន៍ដែលមិនអាចគ្រប់គ្រងបាន»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសសហភាពអឺរ៉ុប តែងតែស្តីបន្ទោសរុស្ស៊ីថា នៅពីក្រោយគ្រាអាសន្នផ្សេងៗ និងអ្វីដែលពួកគេហៅថា «សកម្មភាពព្យាបាទ» នៅក្នុងទឹកដីរបស់ពួកគេ។ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានធ្វើការអត្ថាធិប្បាយកាលពីខែមេសា ឆ្នាំ២០២៤ ថា ប្រទេសលោកខាងលិចតែងតែមានទំនោរស្តីបន្ទោសរុស្ស៊ីចំពោះអ្វីៗគ្រប់យ៉ាង»៕
