គណៈប្រតិភូសភាអឺរ៉ុប បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាមួយប្រធានរបស់ខ្លួន គឺលោក Reinhold Lopatka ដោយនិយាយថា កិច្ចពិភាក្សានឹងផ្តោតលើកិច្ចសហប្រតិបត្តិការសន្តិសុខ គម្រោងផ្លាស់ប្តូរថាមពល អាទិភាពពាណិជ្ជកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រដែលបានស្នើឡើង។

ដំណើរទស្សនកិច្ចនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកក្កដា និងធ្វើឡើងនៅទីក្រុង Riyadh និងទីក្រុង Jeddah រួមមានកិច្ចប្រជុំអន្តរសភាលើកទី១៨ រវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ព្រមទាំងកិច្ចពិភាក្សានានាដែលមានគោលបំណងពង្រឹងការសន្ទនារវាងសភាទាំងពីរ។
ភាគីអឺរ៉ុបគឺជាផ្នែកមួយនៃគណៈប្រតិភូសម្រាប់ទំនាក់ទំនងជាមួយឧបទ្វីបអារ៉ាប់របស់សភាអឺរ៉ុប ដែលរក្សាចំណងមិត្តភាពអន្តរសភាជាមួយបណ្តាប្រទេសឈូងសមុទ្រ តាមរយៈក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
ប្រធានគណៈប្រតិភូលោក Lopatka បានប្រាប់សារព័ត៌មាន Arab News កាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចនេះ ក៏បានធ្វើឡើង បន្ទាប់ពីមានការព្រួយបារម្ភអំពីការវាយប្រហារដោយយោធាដែលប៉ះពាល់ដល់ព្រះរាជាណាចក្រនេះ កាលពីដើមឆ្នាំនេះថា៖«ជាបឋម ខ្ញុំត្រូវតែនិយាយថា យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររើសអើងទាំងនេះប្រឆាំងនឹងអារ៉ាប៊ីសាអ៊ូឌីត»៕