ភ្នំពេញ៖ តំណាងធុរកិច្ចប្រទេសម៉ាឡេស៊ី មកពីក្រុមហ៊ុនចំនួន ៣៦ បានមកស្វែងរកការវិនិយោគ និងធុរកិច្ចក្នុងវិស័យសក្ដានុពលនៅកម្ពុជា បន្ទាប់ពីប្រទេសទាំង២ បានបើកដំណើរការសេដ្ឋកិច្ចពេញលេញឡើងវិញ ក្រោយការរីករាលដាលជំងឺកូវីដ១៩។
ម៉ាឡេស៊ីជាប្រទេសឈរនៅលំដាប់ទីបីក្នុងតំបន់អាស៊ាន បន្ទាប់ពី វៀតណាម និងសិង្ហបុរី ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាទទួលបានលំហូរទុនវិនិយោគដោយផ្ទាល់ពីប្រទេសម៉ាឡេស៊ី ប្រមាណ ៣,២ ប៊ីលាន។
នេះយោងបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
វិនិយោគិនពីប្រទេសម៉ាឡេស៊ី បានបោះទុននៅកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្ម និងសំណង់ ចំនួន១៦២គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៣,២ពាន់លានដុល្លារ។
តួលេខនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SMEs) ចំនួន៥៣នាក់ នាក្នុងឱកាសដំណើរបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា កាលពីសប្តាហ៍មុន។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការស្វែងរកឱកាសវិនិយោគរបស់ធុរកិចុ្ចម៉ាឡេស៊ីនៅកម្ពុជា គឺស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិស័យឯកជនតាមរយៈសភាពាណិជ្ជកម្មកម្ពុជា។
ឧកញ៉ា លឹម ហេង បញ្ជាក់បន្ថែមថា ទន្ទឹមពេលដែលកម្ពុជា អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយកូរ៉េខាងត្បូង បន្ថែមពីលើប្រព័ន្ធអនុគ្រោះពន្ធ ដូចជា EBA និង GSP វិនិយោគិនបរទេស កំពុងសម្លឹងមើលកម្ពុជា ជាទិសដៅវិនិយោគដ៏មានសក្កានុពល។
សូមជម្រាបថា កាលឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានគឺមានប្រមាណ ៥០០ លានដុល្លារកើន ១៣ ភាគរយ ធៀបនឹងឆ្នាំ២០២០។
ដោយឡែក ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានប្រមាណ ១៤៧ លានដុល្លារ ដែលកើនក្នុងរង្វង់ ១៥ ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២១។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕អត្ថបទ៖ វណ្ណៈ