ក្រសួងការបរទេសទួរគីកាលពីថ្ងៃអាទិត្យបានថ្កោលទោសចំពោះការសម្រេចចិត្តរបស់ប្រទេសក្រិក ក្នុងការបិទសាលារៀនចំនួន ៨ ដែលផ្តល់សេវាកម្មដល់ជនជាតិភាគតិចនិយាយភាសាទួរគី នៅក្នុងប្រទេសនេះ ដោយចោទប្រកាន់ប្រទេសជិតខាងរបស់ខ្លួនថា មានការរើសអើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានថ្កោលទោសចំពោះការអនុវត្តជាប្រព័ន្ធ ដែលមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិទទួលបានការអប់រំរបស់ជនជាតិភាគតិចទួរគី នៅក្នុងតំបន់ Thrace ភាគខាងលិច។
ក្រសួងបានបន្ថែមថា៖«យើងសូមអំពាវនាវម្តងទៀតដល់ប្រទេសក្រិកឲ្យធ្វើសកម្មភាពស្របតាមកាតព្វកិច្ចកិច្ចសន្យារបស់ខ្លួនទាក់ទងនឹងសិទ្ធិជនជាតិភាគតិច និងសិទ្ធិជាមូលដ្ឋានរបស់ពួកគេ»។
ចំនួនសាលារៀនភាសាទួរគីដែលនៅសេសសល់នៅភាគឦសាននៃតំបន់ Thrace ជិតព្រំដែនរវាងប្រទេសទាំងពីរ ឥឡូវនេះ មានចំនួន ៧៦។
អាជ្ញាធរក្រិកបាននិយាយថា ពួកគេកំពុងបិទសាលារៀន មិនមែនតែនៅក្នុងតំបន់និយាយភាសាទួរគីនោះទេ ដោយសារចំនួនសិស្ស ថយចុះ៕

