យោងតាមលោក Ismat al-Absi អ្នកវិភាគផ្នែកសន្តិសុខ និងកិច្ចការយុទ្ធសាស្ត្ររបស់ស៊ីរី ការតែងតាំង មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខជាបន្តបន្ទាប់យ៉ាងទូលំទូលាយ ដែលត្រូវបានប្រកាសដោយប្រធានាធិបតីស៊ីរី Ahmed al-Sharaa កាលពីថ្ងៃអាទិត្យ គឺជាការរៀបចំរចនាសម្ព័ន្ធឡើងវិញជាមូលដ្ឋាននៃប្រព័ន្ធសន្តិសុខរបស់ប្រទេសនេះ។ ការរុះរើនេះ ត្រូវបានជំរុញដោយទាំងក្តីបារម្ភអំពីសន្តិសុខក្នុងស្រុក និងសម្ពាធនយោបាយ ព្រមទាំងសេដ្ឋកិច្ចដែលកាន់តែកើនឡើងពីបរទេស។

ថ្លែងទៅកាន់សារព័ត៌មាន Asharq Al-Awsat លោក al-Absi បាននិយាយថា ការតែងតាំងនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងច្បាស់លាស់មួយ ដើម្បីបង្រួបបង្រួមអំណាចសន្តិសុខនៅក្នុងដៃរបស់លោក al-Sharaa និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anas Khattab ដោយដាក់ទាំងសន្តិសុខសាធារណៈ រួមទាំងការងារនគរបាល និងសន្តិសុខផ្ទៃក្នុង និងសន្តិសុខជាតិ ឲ្យស្ថិតនៅក្រោមបញ្ជាការតែមួយ។
លោក al-Absi បាននិយាយថា ការរុះរើរចនាសម្ព័ន្ធនេះ បានបញ្ចប់ជាក់ស្តែងនូវការបែងចែកផ្នែកស្ថាប័ន និងការប្រជែងគ្នាដែលអាចកើតមានរវាងក្រសួងមហាផ្ទៃ និងស្ថាប័នស៊ើបការណ៍ ដោយធ្វើឲ្យលោក Khattab ក្លាយជាអ្នកមានអំណាចតែម្នាក់ ដែលត្រួតពិនិត្យការសម្រេចចិត្តទាំងផ្នែកសន្តិសុខយុទ្ធសាស្ត្រ និងប្រតិបត្តិការ។
លោក Hussein al-Salama នឹងទទួលតួនាទីជាអ្នកប្រតិបត្តិ ដែលរាយការណ៍ដោយផ្ទាល់ទៅលោក Khattab លើកិច្ចការសន្តិសុខជាតិ ខណៈដែលអគ្គនាយកដ្ឋានស៊ើបការណ៍ទូទៅ នឹងត្រូវដឹកនាំដោយលោក Abdul Qader Tahan នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងតែមួយ៕
