ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបណ្តាផ្លូវនៅតាមជនបទ មានភាពប្រទាក់ក្រឡា និងកាន់តែរឹងមាំ បានកំពុងគាំទ្រ និងលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ មានផ្លូវល្អធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាប្រចាំដោយក្រាលកៅស៊ូ DBST ចំនួន ៥ ខ្សែ ប្រវែងសរុបជាង ៩៤ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកចំនួន៤ ក្នុងខេត្ត ត្បូងឃ្មុំ ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញលើការងារស្ថាបនា ការស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ ឬបេតុងជាដើម ដើម្បីសម្រួលដល់សហគមន៍ និងការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ដែលនេះគឺជាការចូលរួមចំណែកលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។
ជុំវិញការថែទាំផ្លូវនេះ, ឯកឧត្តមបណ្ឌិត ក៏បានឯកភាពទទួលយក និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់លើការងារថែទាំផ្លូវជាប្រចាំដោយក្រាលកៅស៊ូ DBST ទាំង ៥ ខ្សែខាងលើ ដែលអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបានល្អប្រសើរ និងសូមបន្តយកចិត្តទុកដាក់បន្ថែមទៀត នៅក្នុងដំណាក់កាលបន្ទាប់ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ហើយផ្លូវក៏ជាសរសៃឈាមនៃសេដ្ឋកិច្ចដ៏សំខាន់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនសូត្រ ការដឹកជញ្ជូនកសិផលរបស់កសិករ និងក៏ជាផ្នែកមួយបម្រើដល់សេដ្ឋកិច្ច តាមរយៈការធ្វើពាណិជ្ជកម្មផ្សេងៗផងដែរ។
ឯកឧត្តមបណ្ឌិត ក៏បានរំលេចនូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងកើតឡើងថ្មីៗ គឺមិនមែនកើត ឡើងដោយចៃដន្យនោះឡើយ ពោលគឺបានកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រារដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលជាមូលដ្ឋានដល់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជនមានលទ្ធភាព ប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព៕














