អ្នកនយោបាយនៅអាល្លឺម៉ង់កាន់តែច្រើនឡើង កំពុងគាំទ្រឲ្យបើកការចរចាជាមួយរុស្ស៊ី។ នេះបើយោងតាមរបាយការណ៍របស់កាសែត The Times ដែលបានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ។
យោងតាមសារព័ត៌មាននេះ មានការផ្លាស់ប្តូរគំនិតនៅក្នុងប្រទេសអាល្លឺម៉ង់ទាក់ទងនឹងការចរចាជាមួយរុស្ស៊ី ហើយកិច្ចខិតខំប្រឹងប្រែងផ្សេងៗដែលមិនសម្របសម្រួល ត្រូវបានធ្វើឡើង ដើម្បីបង្កើតបណ្តាញទំនាក់ទំនងជាមួយទីក្រុងមូស្គូ។ កាសែត The Times បាននិយាយថា លោក Ronald Pofalla អតីតសហប្រធានវេទិកាសាធារណៈ Petersburg Dialogue និងជាអតីតប្រធានអគ្គលេខាធិការសហព័ន្ធអាល្លឺម៉ង់ ដែលរក្សាទំនាក់ទំនងជាមួយភាគីរុស្ស៊ី អាចដើរតួជាអន្តរការីរវាងទីក្រុងមូស្គូ និងទីក្រុងប៊ែរឡាំង។
នាពេលមុននេះ កាសែតអាល្លឺម៉ង់ Die Zeit បានរាយការណ៍ថា អាជ្ញាធរអាល្លឺម៉ង់បាននិងកំពុងរៀបចំយ៉ាងសកម្មសម្រាប់ការចរចាជាមួយរុស្ស៊ី អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ៕

