ប្រភពមួយរបស់អ៊ីរ៉ង់បានប្រាប់សារព័ត៌មាន TASSថា ទីក្រុងតេអេរ៉ង់សង្ស័យថា ការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន មិនអាចត្រូវបានបើកឡើងវិញ ខណៈពេលដែលសហរដ្ឋអាមេរិក កំពុងបន្តវាយប្រហារលើប្រទេសនេះ។
លោកបានសង្កត់ធ្ងន់ថា៖«ជាអកុសល ពួកគេ [សហរដ្ឋអាមេរិក] កំពុងវាយប្រហារយើង នៅពេលនេះ ហើយយើងមិនអាចបើកកិច្ចចរចាឡើងវិញបានទេ ដរាបណាពួកគេនៅបន្តវាយប្រហារ។ ការពិភាក្សាអំពីគំនិតនៃការធ្វើកិច្ចចរចា គឺមិនអាចទទួលយកបានទេ»។
លោកបានបន្ថែមថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនពិតជាស្វែងរកស្តារការចរចាឡើងវិញនោះ ខ្លួនគួរតែបញ្ឈប់ការវាយប្រហារ និងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ជាមុនសិន។
ការកើនឡើងភាពតានតឹងមួយជុំទៀតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ០៨ ខែកក្កដា ទោះបីជាមានអនុស្សរណៈនៃការយោគយល់ (MoU) រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក៏ដោយ សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់លើអ៊ីរ៉ង់ ដែលត្រូវបានះអះអាងថា ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មមួយគ្រឿងនៅក្នុងច្រកសមុទ្រហ័រមូស។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ លែងមានប្រសិទ្ធភាពទៀតហើយ។ ជាការឆ្លើយតប អ៊ីរ៉ង់បានចាប់ផ្តើមវាយប្រហារមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅបារ៉ែន ហ្ស៊កដានី កាតា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអូម៉ង់៕

