មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បាននាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រី មាសដល់វត្តចំនួន ២៥ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ដើម្បីរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋ។
ឯកឧត្ដម យឹម លាត ទេសាភិបាលរង តំណាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅចុង សប្តាហ៍កន្លងមកនេះ បាននាំយកទៀនព្រះវស្សា ព្រមទាំងបច្ច័យដែលជាទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លា របស់លោកជំទាវបណ្ឌិត ជា សិរី ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន ២៥ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ, ក្នុងឱកាសនោះឯកឧត្ដមក៏បាន ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសាកសួសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រគេនដល់ព្រះសង្ឃគ្រប់ៗព្រះអង្គ ក៏ដូចលោកយាយលោកតា ចាស់ព្រឹទ្ធាចារ្យ តាមវត្ត អារាមទាំងអស់ទូទាំងស្រុក ដោយសេចក្ដីគោរព និងនឹករលឹកបំផុត។
ឯកឧត្ដម បានបញ្ជាក់ថា រាល់សមិទ្ធផលនានាដែលកើតយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងនៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងស្រុកប្រាសាទសំបូរ គឺសុទ្ធតែកើតចេញពីការខិតខំកសាងយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងក្រុមការងារចុះជួយមូលដ្ឋានស្រុកប្រាសាទសំបូរនេះដោយផ្ទាល់ផងដែរ។
តាមរយៈបុណ្យកុសលដែលកើតចេញនាពេលនេះ, ឯកឧត្ដម យឹម លាត ក៏បានឧទ្ទិសជូនចំពោះដល់វិញ្ញាណនៃវិរៈយុទ្ធជន យុទ្ធនារីស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិត ក្នុងបរបប្រល័យពូជសាសន៏ ប៉ុល ពត និងបានបួងសួងដល់វត្ថុសក្កិសិទ្ធិក្នុងលោក ជួយតាមឃុំគ្រងការពារដល់វរៈយុទ្ធជនការពារ ព្រំដែនទាំងអស់ ឲ្យមានសេចក្ដីសុខ និងឈ្នះអស់មាសត្រូវគ្រប់ទិសទី។
ចំពោះទៀនព្រះវស្សា និងបច្ច័យដែលបានវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស សម្រាប់វត្តចំនួន ២៥ នៅក្នុង ស្រុកប្រាសាទរួមមាន៖ បច្ច័យសរុបចំនួនជាង ១០ លានរៀល និងទៀនវស្សា ២៥ គូ, អង្ករ ៦៤ បាវ, ទឹកបរិសុទ្ធ ៥៤យួ, ទឹកក្រូច ៥៤ កេស, មីជាតិ ៥៤ កេស, ត្រីខ ៥៤ យួ, ទឹកស៊ីអ៊ីវ ៥៤ យួ, ទឹកត្រី ៥៤ យួ, ប្រហុក ២ គីឡូក្រាម, អំបិល ៥១០ គីឡូក្រាម, ស្ករស ៦៤ បាវ, ទឹកដោះគោខាប់ ២៥ កេស និងស្លាដកចំនួន ២៥៕







