មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទ ទី ២០ ខែកក្កដា ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១០នាក់ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើនាវាដឹកពោតនៅជិតកំពង់ផែ Odesa ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ជាការវាយប្រហារដ៏បង្ហូរឈាមបំផុតក្នុងការផ្ទុះឡើងអំពើហិង្សារយៈពេលច្រើនសប្តាហ៍នៅសមុទ្រខ្មៅ។

កងទ័ពជើងទឹកអ៊ុយក្រែនបានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា រុស្ស៊ីបានវាយប្រហារនាវា Golden Leo ជានាវាបំពាក់ទង់ជាតិហ្គីណេ-ប៊ីសូ(Guinea-Bissau) មាននាវិកមកពីប្រទេសឥណ្ឌា និងប្រទេសស៊ីរី ដោយប្រើមីស៊ីលបីគ្រាប់បណ្តាលឱ្យមានអគ្គិភ័យ។

លោក Serhiy Lysak ប្រធានរដ្ឋបាលយោធារបស់ទីក្រុងបាននិយាយថា ការវាយប្រហារដាច់ដោយឡែកមួយទៀតរបស់រុស្ស៊ីលើកំពង់ផែ Odesa ជាកំពង់ផែសមុទ្រធំបំផុតរបស់អ៊ុយក្រែន បានសម្លាប់មនុស្សបីនាក់ និងរបួសបីនាក់ផ្សេងទៀតកាលពីថ្ងៃចន្ទ។ លោកបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវាយប្រហារ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
អាជ្ញាធរកំពង់ផែសមុទ្ររបស់អ៊ុយក្រែនបាននិយាយថា ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ បានអូសបន្លាយពេលពេញមួយយប់ ហើយសមាជិកនាវិកប្រាំបួននាក់និងអាកាសយានិកដែនសមុទ្រម្នាក់របស់ខ្លួនបានស្លាប់។ អាជ្ញាធរបាននិយាយបន្ថែមថា សមាជិកនាវិកប្រាំបីនាក់ក្នុងចំណោមសមាជិកនាវិក ១៧ នាក់របស់នាវាត្រូវបានជួយសង្គ្រោះ។