បន្ទាប់ពីស្ងប់ស្ងាត់ ក្រោយបញ្ចប់រដូវកាលចាស់ មួយរយៈពេលធំ ពេលនេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបង្ហាញកីឡាករចំណូលថ្មីជាបន្ដបន្ទាប់ ពិសេសវត្តមានកីឡាករបរទេស ដែលត្រឹមរយៈពេល ៥ថ្ងៃ ក្លិបបានប្រកាសនាំចូល ៥រូប តែទើបនាំចូលកីឡាករខ្មែរបានម្នាក់ប៉ុណ្ណោះ សម្រាប់ត្រៀមរដូវកាលថ្មី គឺកីឡាករ យ៉ង់ ភូមិន្ទ ដែលផ្ទេរមកពីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។
ចំពោះវត្តមានកីឡាករបរទេស ៥រូប ដែលក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប បានបង្ហាញចន្លោះថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដានេះ គឺមានអតីតជម្រើសជាតិយុវជន U17 ដល់ U20 អាល្លឺម៉ង់ ខ្សែបម្រើ Stephan Mensah ដែលធ្លាប់លេងឲ្យក្លិប SpVgg Unterhaching នៃលីគទី៣ អាល្លឺម៉ង់, ខ្សែប្រយុទ្ធអូស្ដ្រាលី Manyluak Aguek ដែលមានបទពិសោធន៍លេងនៅលីគទី២ ក្នុងស្រុក និងចុងក្រោយលេងឲ្យក្លិប Tarxien នៃកំពូលម៉ាល់តា។
ខ្សែប្រយុទ្ធវ័យក្មេងជប៉ុន Yuta Saso ដែលទើបវ័យ ២១ឆ្នាំ ដែលផ្ទ្ទេរមកពីក្លិបកម្រិតលីគមហាវិទ្យាល័យជប៉ុន និងអ្នកចាំទីវ័យ ២៤ឆ្នាំជប៉ុន Shunsuke Ozawa ដែលមានបទពិសោធន៍លេងឲ្យក្លិបលីគមហាវិទ្យាល័យជប៉ុនដូចគ្នា មុនផ្ទេរទៅលេងឲ្យក្លិប NK Jalzabet នៅលីគក្រូអាត និងក្លិប Kom Podgorica នៃលីគទី២ ប្រទេសម៉ុងតេណេហ្គ្រោ កាលពីឆ្នាំ២០២៥-២០២៦ កន្លងទៅ និងកីឡាករបរទេសម្នាក់ទៀត គឺខ្សែបម្រើការពារសញ្ជាតិស៊ែប៊ី Irfan Zulfić ដែលមានពិសោធន៍ជោគជាំលេងឲ្យក្លិបក្នុងស្រុក ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៦។
បច្ចុប្បន្នក្រុមចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នេះ មានកីឡាករបរទេស ៦រូបហើយ បន្ទាប់ពីពួកគេ បានបន្ដកុងត្រាកីឡាករបរទេសតែម្នាក់គត់ ក្នុងចំណោមសមាជិករដូវកាលចាស់ គឺប្រធានក្រុមជនជាតិជប៉ុន Takuto Yasuoka ។ ដូច្នេះអង្គរថាយហ្គឺរ នៅសល់កូតាកីឡាករបរទេសម្នាក់ទៀត ដែលអាចនាំចូលសម្រាប់ពង្រឹងក្រុមត្រៀមការប្រកួតប្រជែងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលគ្រោងនឹងចាប់ផ្ដើមនាខែកញ្ញាខាងមុខ ដ្បិតលីគរដូវកាលថ្មី ត្រូវបានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ អនុញ្ញាតឲ្យចុះឈ្មោះកីឡាករបរទេសរហូតដល់ ៧នាក់ឯណោះ។
ក្រឡេកទៅចាប់អារម្មណ៍កីឡាករខ្មែរវិញ បន្ទាប់ពីការចែកផ្លូវជាមួួយកីឡាករចាស់ៗមួយចំនួន និងបន្ដកុងត្រាជាមួួយកីឡាករវ័យក្មេងៗជាច្រើន អង្គរថាយហ្គឺរ ទើបនាំចូលកីឡាករខ្សែការពារវ័យ ២២ឆ្នាំ យ៉ង់ ភូមិន្ទ ម្នាក់ប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា




