យោងតាមសេចក្តីថ្លែងការណ៍ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា បានឲ្យដឹងថា ក្រុមហាម៉ាស បានតែងតាំងលោក Khalil Al-Hayya ជាមេដឹកនាំរួមរបស់ខ្លួនក្នុងចំណាត់ការមួយដែលអ្នកវិភាគម្នាក់និយាយថា អាចជាសញ្ញានៃជំហរកាន់តែតឹងរ៉ឹងរបស់ក្រុមនេះចំពោះការអំពាវនាវឱ្យមានការរំសាយអាវុធ។

លោក Hayya ចូលជំនួសលោក Yahya Sinwar ដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលកាលពីក្នុងខែតុលា ឆ្នាំ២០២៤ ខណៈក្រុមហាម៉ាសបានប្រយុទ្ធក្នុងសង្គ្រាមទ្រង់ទ្រាយធំរយៈពេលពីរឆ្នាំជាមួយអ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ លោក Hayya ជាប្រធានក្រុមតំបន់ហ្កាហ្សាដែលបាននិរទេសខ្លួន និងជាអ្នកចរចាជាន់ខ្ពស់របស់ក្រុមនេះ បានក្លាយជាឥស្សរជនកណ្តាលក្នុងភាពជាអ្នកដឹកនាំរបស់ក្រុមហាម៉ាសចាប់តាំងពីការស្លាប់របស់លោក Sinwar និងលោក Ismail Haniyeh ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែកក្កដា ឆ្នាំ២០២៤។ មន្ត្រីអ៊ីស្រាអែលបានប្រាប់សារព័ត៌មានរ៉យទ័រថា លោកត្រូវបានគេមើលឃើញថាមានចរិតប្រកាន់តឹងជាងលោក Khaled Meshaal ប្រធានការិយាល័យរបស់ក្រុមដែលនិរទេសខ្លួន និងជាអ្នកនាំមុខគេម្នាក់ទៀតសម្រាប់មេដឹកនាំ។ លោក Hayya គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងចំណោមមន្ត្រីក្រុមហាម៉ាសដែលត្រូវបានកំណត់គោលដៅក្នុងឆ្នាំ២០២៥ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងដូហា ជាកន្លែងដែលលោកមានមូលដ្ឋាននៅទីនោះ។
ក្រុមសកម្មប្រយុទ្ធនេះ ប្រឈមនឹងបញ្ហាលំបាកបំផុតមួយចំនួនចាប់តាំងពីក្រុមត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ ដែលញាំញីដោយសង្គ្រាមរយៈពេលពីរឆ្នាំបង្កឡើងដោយការវាយប្រហាររបស់ខ្លួននៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ទៅលើប្រទេសអ៊ីស្រាអែល និងការប្រឈមមុខទៅនឹងការទាមទារពីអន្តរជាតិឲ្យរំសាយអាវុធ។