ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៣ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលពន្ធ-អាករ លើរថយន្តអត់ពន្ធ និងរថយន្តចង្កូតស្តាំ និងការផាកពិន័យ បានចំនួនប្រមាណជិត ៦៥ លានដុល្លារអាមេរិក។
ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី ៤ខែ ឧសភា ឆ្នាំ២០២២ នេះថា លទ្ធផលប្រមូលចំណូលពន្ធអាករ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២២ នេះ គឺមានម្ចាស់រថយន្តបាន ចូលមកបង់ពន្ធអាករ និងកក់ប្រាក់ ទាំងរថយន្តចង្កូតស្តាំ និងរថយន្តចង្កូតឆ្វេង សរុបមានចំនួនជិត ៧ ពាន់គ្រឿងសរុបជាថវិការទាំងអស់បានជិត ៦០លានដុល្លាអាមេរិក។
ឯកឧត្តម បន្តថា នៅក្នុងចំណោមរថយន្តដែលប្រមូលបានខាងលើនេះ មានរថយន្តចំនួន ៤ ៦៩០ គ្រឿង គឺបានបង់ពន្ធ និងបង្វែរប្រាក់កក់ ទៅជាប្រាក់ពន្ធរួចហើយ ដែលបានផ្ទេរចូលទៅថវិកាជាតិ។ ដោយឡែក រថយន្តចង្កូតស្តាំ ក្នុងចំណោមរថយន្តចង្កូតស្តាំដែលបានកក់ប្រាក់ប្រមាណ ៤ ៥៩០ គ្រឿង បានកែចង្កូតរួចហើយ មានចំនួន ២ ៣៥៨គ្រឿង នៅសល់ ២ ២៣៣ គ្រឿង គឺស្ថិតនៅក្នុងរោងជាង។ បើគិតប្រាក់ពន្ធអាករដែលបានកក់ មិនទាន់បង្វែរប្រាក់កក់ទៅជាប្រាក់ពន្ធអាករ មានចំនួនប្រមាណជាង ១៣ លានដុល្លាអាមេរិក។
ឯកឧត្តម គុណ ញឹម អំពាវនាវដល់ម្ចាកស់ រថយន្តដែលមិនទាន់បំពេញកាតព្វកិច្ច សូមមកប្រកាសពន្ធឲ្យបានរួសរាន់ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងការអនុវត្តវិធានការនេះ នៅត្រឹមថ្ងៃទី ៣០ ខែមិថុនា ខាងមុខ។ ចាប់ពីថ្ងៃទី១ ខែកក្តដា តទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពុំមានសិទ្ធិបង់ពន្ធរថយន្តមានស្រាប់ក្នុងប្រទេសទៀតឡើយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងពង្រឹង ការចុះបង្រ្កាបឲ្យកាន់តែខ្លាំងក្លាជាងមុន លើរថយន្តចង្កូតឆ្វេង គឺត្រូវបង់ពន្ធអាករ និងពិន័យ។ ចំណែករថយន្តចង្កូតស្តាំ នឹងត្រូវដោះជាបំណែក ដើម្បីបំផ្លាញចោល៕ អត្ថបទ៖ សុន រ៉ាឌី
