បាល់ទាត់៖ ក្រុមបាល់ទាត់នៅទីក្រុងឡុងដ៍ Tottenham Hotspur បានបន្តក្តីសង្ឃឹមក្នុងការឈានឡើងតំបន់កំពូលទាំងបួន ដើម្បីឱកាសនៅ Champions League រដូវកាលក្រោយ បន្ទាប់ពីជ័យជំនះនៅទឹកដី Aston Villa ២-០ យប់មិញ។

ក្រុមរបស់លោក Jose Mourinho ដែលធ្លាក់ពី Europa League គួរឲ្យភ្ញាក់ផ្អើលកាលពីពាក់កណ្តាលសប្តាហ៍ បានងាកមកផ្តោតអារម្មណ៍ខ្លាំងនៅការប្រកួតក្នុងស្រុក ខណៈការប្រកួតយប់មិញនៅកីឡដ្ឋាន Villa Park របស់ Aston Villa កីឡាករ Carlos Vinicius ជាអ្នករកបានគ្រាប់នាំមុខនៅនាទីទី២៩ និងគ្រាប់ទីពីរនៅវគ្គទី២ ដោយបាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane នៅនាទីទី៦៨។ ជ័យជំនះនេះធ្វើឲ្យ Spurs រំកិលឡើងមកលេខ៦ មាន ៤៨ពិន្ទុដេញពីក្រោយក្រុមលេខ៥ West Ham ១ពិន្ទុ និងដេញពីក្រោយក្រុមលេខ៤ Chelsea ៣ពិន្ទុ។

ងាកមកក្រុមកាំភ្លើងធំ Arsenal យប់មិញធ្វើដំណើរទៅសួរសុខទុក្ខ ក្រុមរួមទីក្រុងឡុងដ៍ដែរគឺញញួរធំ West Ham។ ក្រុមម្ចាស់ផ្ទះ West Ham ចាប់ផ្តើមដោយជំនឿចិត្តដោយនាំមុខមុនដល់ ៣គ្រាប់ធ្វើបានដោយកីឡាករខ្ចីជើងពី Manchester United, Jesse Lingard, Jarrod Bowen និង Tomas Soucek។ តែក្រុមរបស់លោក Mikel Arteta បានវាយបក ៣គ្រាប់តាមស្មើវិញដោយគ្រាប់បាល់ចូលខ្លួនឯង ២គ្រាប់របស់ West Ham ដោយ Tomas Soucek និង Craig Dawson មុនពេលដែល Alexander Lacazette តែតបញ្ចូលទីតាមស្មើនៅនាទីទី៨២។ លទ្ធផលស្មើនេះធ្វើឲ្យ West Ham បន្តរក្សាខ្លួននៅលេខ៥ មាន ៤៩ពិន្ទុដេញពីក្រោយ Chelsea ១ពិន្ទុ និងនៅពីលើ Spurs ១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ