ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី៤ ឧសភា ឆ្នាំ២០២២នេះ បានរៀបចំពិធីអបអរសាទរ ព្រះរាជាណាចក្រកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បន្ទាប់ពីកម្ពុជាបានចូលរួមពិព័រណ៍ពិភពលោក២០២០ ឌុយបៃ សហភាពអារ៉ាប់រួម អស់រយៈពេល ៦ខែកន្លងមកនេះ។
នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ពិធីអបអរសាទរនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ និងជាអគ្គស្នងការកម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ មានប្រសាសន៍ថា ពានរង្វាន់ប្រាក់ពិភពលោក ១គ្រឿង ដែលកម្ពុជាទទួលបាននេះ ដោយសារការរចនាពន្លាជាតិបានល្អជាងគេ ក្នុងសង្កាត់និរន្តរភាព ក្នុងចំណោមប្រទេសចំនួន៤៥ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់នោះ ហើយនេះជាលើកទី២ ដែលកម្ពុជាមានកិត្តិយសបានទទួលពានរង្វាន់ប្រាក់នេះ បន្ទាប់ពីបានទទួលពានរង្វាន់ ប្រាក់លើក ដំបូងពីការចូលរួមពិព័រណ៍ពិភពលោកឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្តថា ពានរង្វាន់នេះ ធ្វើឡើងតាមរយៈការវាយតម្លៃយ៉ាងសុក្រឹត ដោយផ្អែក លើការរៀបចំតុបតែងពន្លាជាតិស្របតាមខ្លឹមសារ និងប្រធានបទ រួមទាំងកំណត់ទៅតាមទំហំ និងប្រភេទពន្លាជាតិ ដោយត្រូវឆ្លងកាត់ការវាយតម្លៃផ្អែកលើទិដ្ឋភាពរួមចំនួន៣ ដូចជា ១.ស្ថាបត្យកម្ម និងទស្សនីយភាព ២. ការរចនា ពន្លាជាតិ និង៣. ការបកស្រាយប្រធានបទ។
សូមបញ្ជាក់ថា កម្ពុជាធ្លាប់មានបទពិសោធន៍ និងទទួលបានជោគជ័យចំនួន ៤លើករួចមកហើយ ក្នុងការចូលរួមពិព័រណ៍ពិភពលោកចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន ក្នុងនោះពិព័រណ៍ពិភពលោក ២០០៥ នៅទីក្រុងអាយជី ប្រទេសជប៉ុន, ពិព័រណ៍ពិភពលោក ២០១០ នៅទីក្រុងសៀងហៃ ប្រទេសចិន, ពិព័រណ៍ពិភពលោក ២០១៥ នៅទីក្រុងមីទ្បង់ ប្រទេសអ៊ីតាលី និងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នៅសហភាពអារ៉ាប់រួម។
នៅឆ្នាំ២០២៥ខាងមុខ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជានឹងចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា-កាន់សៃ ជប៉ុន (Expo 2025 Osaka, Kansia, Japan) ក្រោមប្រធានបទ “Designing Future Society for Our Lives”។
សូមរម្លឹកទៀតថា ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃនេះ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានរយៈពេល ៦ខែ ដោយបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាបានចំនួនជាង ២៤លាននាក់ ជាមួយប្រធានបទ ការតភ្ជាប់គំនិត ដើម្បីស្ថាបនាអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងសំខាន់ចំនួនបី គឺ ៖ កាលានុវត្តភាព វឌ្ឍនភាព និងនិរន្តរភាព ត្រូវបានរៀបចំ ឡើងនៅទីក្រុងឌុយបៃ . សហភាពអារ៉ាប់រួម នៅលើផ្ទៃដីចំនួន ៤៣៨ហិកតា ដោយមានការចូលរួមពីប្រទេស និងអង្គការ អន្តរជាតិធំៗ ចំនួន ១៩២៕អត្ថបទ៖ ឈិត បូរ៉ាវី