កងកម្លាំងការពារអ៊ីស្រាអែល (IDF)បាននិយាយថា យោធាអ៊ីស្រាអែលបានចាប់ផ្តើមសម្របសម្រួលសកម្មភាពរបស់ពួកគេជាមួយកងទ័ពលីបង់នៅក្នុងតំបន់ដែលគេហៅថា តំបន់សាកល្បងនៅភាគខាងត្បូងប្រទេសលីបង់។

IDF បានបញ្ជាក់ថា៖«ស្របតាមការណែនាំពីថ្នាក់ដឹកនាំនយោបាយអ៊ីស្រាអែល កម្មវិធីសាកល្បងនៃតំបន់សុវត្ថិភាព» បានចាប់ផ្តើមកាលពីថ្ងៃចន្ទ នៅភាគខាងត្បូងប្រទេសលីបង់ ដោយសហការជាមួយយោធាសហរដ្ឋអាមេរិក (CENTCOM) និងកងកម្លាំងប្រដាប់អាវុធលីបង់។ ជាផ្នែកមួយនៃការសាកល្បងនេះ ក្រុមមកពី IDF យោធាសហរដ្ឋអាមេរិក និងកងកម្លាំងប្រដាប់អាវុធលីបង់ កំពុងធ្វើការសម្របសម្រួល និងរៀបចំផែនការសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាបន្តបន្ទាប់»។

កិច្ចព្រមព្រៀងដែលបានលើកឡើងដោយ IDF បានកំណត់ឲ្យចាប់ផ្តើមនៃការដកកងទ័ពអ៊ីស្រាអែលចេញពីប្រទេសលីបង់។ IDF មិនបានផ្តល់ព័ត៌មានលម្អិតអំពីដំណើរការដកទ័ពទេ ប៉ុន្តែបានព្រមានថា ខ្លួននឹង «ឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការរំលោភលើកិច្ចព្រមព្រៀងណាមួយ»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនាពេលមុននេះថា តំបន់សាកល្បងចំនួនបី បានចូលជាធរមាន នៅក្នុងប្រទេសលីបង់។
បន្ទាប់ពីការពិគ្រោះយោបល់ចំនួន ៥ជុំដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ប្រទេសលីបង់ និងអ៊ីស្រាអែល បានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែមិថុនា លើកិច្ចព្រមព្រៀងក្របខណ្ឌមួយដែលយោធាលីបង់ត្រូវស្តារការគ្រប់គ្រងអធិបតេយ្យភាពប្រកបដោយប្រសិទ្ធភាពឡើងវិញបន្តិចម្តងៗលើទឹកដីលីបង់ទាំងមូល ខណៈដែលអ៊ីស្រាអែលត្រូវដកកងទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រង៕