មន្ត្រីយោធាម្នាក់បានប្រាប់សារព័ត៌មានស៊ីនហួថា ទាហានរដ្ឋាភិបាលយេម៉ែនចំនួន ៤នាក់ ត្រូវបានសម្លាប់ និង ៥នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់ក្រុមហ៊ួទីទៅលើខេត្ត Marib ដែលសម្បូរប្រេងនៅភាគឦសានប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។

មន្ត្រីគាំទ្ររដ្ឋាភិបាលក្នុងតំបន់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា យានដ្រូនបានវាយប្រហារទីតាំងយោធាមួយ ដែលជាកម្មសិទ្ធិរបស់កងកម្លាំងរដ្ឋាភិបាលនៅក្នុងស្រុក Harib ភាគខាងកើតនៃខេត្ត Marib ។

លោកបាននិយាយថា ជនរងគ្រោះទាំងអស់ គឺជាសមាជិកនៃកងពលតូចលេខ ២៦ របស់រដ្ឋាភិបាល ដោយបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាល។ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហ៊ួទីលើការវាយប្រហារនេះទេ។
ការវាយប្រហារនេះ បានកើតឡើង ស្របពេលមានភាពតានតឹងឡើងវិញរវាងរដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ពីអន្តរជាតិ និងគាំទ្រដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមហ៊ួទី បន្ទាប់ពីការវាយប្រហារទៅវិញទៅមកដែលពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិ Sanaa ដែលគ្រប់គ្រងដោយក្រុមហ៊ួទី និងអាកាសយានដ្ឋានអន្តរជាតិ Abha របស់អារ៉ាប៊ីសាអ៊ូឌីត៕