ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) កាលពីពេលថ្មីៗកន្លងទៅនេះ បានរៀបចំប្រារព្វទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ ដែលប្រព្រឹត្តទៅជាសកល ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងយុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ”។
ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅក្រោយប្រារព្ធទិវានេះ លោក បានមានប្រសាសន៍ថា មូលបទនៃទិវាកម្មសិទ្ធិបញ្ញាឆ្នាំនេះ នឹងជំរុញឲ្យយុវជន កាន់តែមានសក្តានុពលក្នុងការបង្កើតថ្មី និងការផ្តល់ដំណោះស្រាយបច្ចេកទេសសម្រាប់គំាទ្រដល់ជីវភាពប្រជាពលរដ្ឋ ក្នុងអន្តរកាលនៃការវិវត្តបច្ចេកវិទ្យា ដើម្បីឆ្ពោះទៅរកអនាគតមួយកាន់តែប្រសើរ។
លោកបន្តថា មូលបទនេះដែរ ក៏ស្របគ្នាទៅនឹងរបៀបវារៈនៃការអភិវឌ្ឍយុវជនរបស់កម្ពុជា ដោយរដ្ឋាភិបាល បានចាត់ទុកយុវជនជាធនធានយុទ្ធសាស្ត្រ និងមានតម្លៃបំផុតសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងវិស័យការពារជាតិ ទាំងបច្ចុប្បន្ន និងអនាគត។
នៅក្នុងពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់យុវជន ក៏ត្រូវបានអនុវត្តជាលក្ខណៈយុទ្ធសាស្ត្រតាមរយៈ ផែនការសកម្មភាពជាតិ ស្តីពីការអភិវឌ្ឍយុវជន ដើម្បីផ្តល់នូវបទអន្តរាគមន៍ចាំបាច់ ឆ្លើយតបទៅនឹងគោលដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្ត កម្មវិធីអភិវឌ្ឍយុវជន និងការផ្តល់ឱកាសដល់យុវជនគ្រប់រូបចូលរួមគ្រប់សកម្មភាពក្នុងសង្គម និងសេដ្ឋកិច្ច។
ឯកឧត្តម បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងរៀបចំគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលមានចក្ខុវិស័យអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ឱ្យក្លាយទៅជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់កិច្ចការពារ កម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះ ម៉ាក និងផលិតផលរបស់កម្ពុជា ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍។
សូមបញ្ជាក់ថា គោលបំណងនៃការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក មិនត្រឹមតែជាការំលឹកខួបនៃការចូលជាធរមាននៃអនុញ្ញា ស្តីពីការបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តការណ៍ដ៏សំខាន់មួយ បង្កើតឱកាសឲ្យស្ថាប័នរដ្ឋ រដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈរួមកម្លាំងគ្នា និងបង្កើនកិច្ចសហការ ចូលរួមលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការរស់នៅ ជាពិសេសការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យាជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី