រលកនៃការផ្សព្វផ្សាយព័ត៌មានមិនពិតផ្នែកនយោបាយដែលផ្តោតលើប្រជាជនរ៉ូហ៊ីងយ៉ារបស់ប្រទេសម៉ាឡេស៊ី បានធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមក្រុមសិទ្ធិមនុស្ស ដែលនិយាយថា ការផ្សព្វផ្សាយនេះ កំពុងជំរុញឲ្យមានការរើសអើងជនបរទេស និងការគំរាមកំហែងប្រឆាំងនឹងសហគមន៍ជនភៀសខ្លួន។

អ្នកត្រួតពិនិត្យការពិតរបស់សារព័ត៌មាន AFP បានបដិសេធព័ត៌មានមិនពិតជាច្រើនអំពីក្រុមជនជាតិភាគតិចមូស្លីមនៅលើវេទិកាបណ្តាញសង្គមដូចជា Facebook, Instagram និង TikTok រួមទាំងសម្រង់ សម្តីមិនពិត វីដេអូកាត់តក្លែងបន្លំ និងស្ថិតិដែលត្រូវបានប្រឌិតឡើង។

ខណៈដែលព័ត៌មានមិនពិតប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា បានរីករាលដាលអស់រយៈពេលជាច្រើនឆ្នាំ ស្រប ពេលមានការបង្ក្រាបដោយយោធានៅក្នុងប្រទេសកំណើតរបស់ពួកគេ គឺប្រទេសមីយ៉ាន់ម៉ា អ្នកវិភាគបាននិយាយថា ការកើនឡើងថ្មីៗនេះ គឺជាផ្នែកមួយនៃយុទ្ធនាការនយោបាយទូលំទូលាយមួយ មុនការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ី នាឆ្នាំក្រោយ។
លោកស្រី Lilianne Fan ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាប្រឹក្សាម៉ាឡេស៊ីទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បាននិយាយថា៖«ជនភៀសខ្លួនបានក្លាយជាគោលដៅជំនួសដ៏ងាយស្រួលមួយ ដែលតាមរយៈនោះការថប់បារម្ភទូកាន់តែខ្លាំងឡើងអំពីសេដ្ឋកិច្ច ការធ្វើទេសន្តរប្រវេសន៍ សេវាសាធារណៈ សន្តិសុខ និងអត្តសញ្ញាណជាតិ ត្រូវបានបង្ហាញ និងបញ្ចេញមកជាភាសាដែលបង្កឲ្យមានអំពើហិង្សានិងការស្អប់ខ្ពើម»៕