ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងឱ្យប្រុងប្រយ័ត្នទូទាំងពិភពលោក កាលពីថ្ងៃចន្ទ (ទី២០ ខែកក្កដា ឆ្នាំ២០២៦) សម្រាប់ពលរដ្ឋអាមេរិក ដោយព្រមានថា ភាពតានតឹងកាន់តែខ្លាំងឡើងៗ នៅតំបន់មជ្ឈិមបូព៌ា អាចនាំឱ្យមានសភាពការណ៍វិវត្តន៍ផ្នែកសន្តិសុខដែលមិននឹកស្មានដល់ ការរំខានដល់ការធ្វើដំណើរ និងការគំរាមកំហែងដែលអាចកើតមាន ចំពោះផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅបរទេស។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា៖ «ដោយសារតែភាពតានតឹងកាន់តែខ្លាំងឡើងៗ នៅតំបន់មជ្ឈិមបូព៌ា បរិយាកាសសន្តិសុខ នៅតែមានភាពស្មុគស្មាញ ដោយមានលទ្ធភាពកើនឡើងនូវជម្លោះដែលមិនអាចទាយទុកជាមុនបាន»។
ជនជាតិអាមេរិកដែលកំពុងស្ថិតនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានជំរុញឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់ការលុបចោលជើងហោះហើរដែលអាចកើតមាន ការបិទដែនអាកាសបណ្តោះអាសន្ន និងការរំខានដល់ការធ្វើដំណើរផ្សេងទៀត។ ជាមួយគ្នានេះ ក្រសួងបានជំរុញឱ្យពលរដ្ឋអាមេរិកតាមដានសេចក្ដីជូនដំណឹងសន្តិសុខដែលចេញដោយស្ថានទូត និងស្ថានកុងស៊ុលអាមេរិក អនុវត្តតាមការណែនាំពីអាជ្ញាធរមូលដ្ឋាន និងបន្តតាមដានព័ត៌មានតាមរយៈការផ្សាយព័ត៌មាន។
ក្រសួងបានបន្ថែមថា៖ «ជនជាតិអាមេរិក នៅខាងក្រៅតំបន់មជ្ឈិមបូព៌ា គួរតែពិចារណាឡើងវិញ អំពីការធ្វើដំណើរទៅកាន់ និងឆ្លងកាត់តំបន់នេះ។ កន្លែងការទូតរបស់សហរដ្ឋអាមេរិក រួមទាំងនៅខាងក្រៅមជ្ឈិមបូព៌ា ត្រូវបានកំណត់គោលដៅ។ អ៊ីរ៉ង់ និងក្រុមដែលគាំទ្រអ៊ីរ៉ង់ អាចកំណត់គោលដៅផលប្រយោជន៍ផ្សេងទៀតរបស់សហរដ្ឋអាមេរិក នៅក្រៅប្រទេស ឬនៅទីតាំងដែលជាប់ទាក់ទងនឹងសហរដ្ឋអាមេរិក និងជនជាតិអាមេរិកទូទាំងពិភពលោក»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលសម្របសម្រួលដោយប៉ាគីស្ថានកាលពីខែមុន ដើម្បីបញ្ចប់ជម្លោះរបស់ពួកគេ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ប៉ុន្តែភាពតានតឹងបានកើនឡើងម្តងទៀតកាលពីសប្តាហ៍មុន ជុំវិញបញ្ហាច្រកសមុទ្រ Hormuz ដោយភាគីទាំង២ បានវាយប្រហារគ្នាទៅវិញទៅមក៕


