ក្លិបបាល់ទាត់ Aston Villa បានប្រកាសជាផ្លូវការពីការចុះហត្ថលេខាយកខ្សែបម្រើ Joao Gomes ពីក្លិប Wolverhampton Wanderers ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃសរុប ៣៨លានផោន។
បើតាមការចុះផ្សាយដោយសារព័ត៌មានអង់គ្លេស BBC ថា Villa នឹងបង់ថ្លៃផ្ទេរដំបូង ៣៤លានផោន ខណៈ ៤លានផោន បន្ថែមទៀតអាស្រ័យលើលក្ខខណ្ឌ និងសមិទ្ធផលនាពេលអនាគត។
មុននេះតែប៉ុន្មានថ្ងៃ Aston Villa ក៏បានបំបែកកំណត់ត្រាផ្ទេរកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ដោយចំណាយជាង ៥០លានផោន ដើម្បីនាំយកខ្សែបម្រើ Johan Manzambi ពី Freiburg ខណៈពួកគេបានយកឈ្នះ Newcastle ក្នុងការប្រជែងចុះហត្ថលេខាលើកីឡាករសញ្ជាតិស្វ៊ីសរូបនេះ។
ការមកដល់របស់ Gomes កើតឡើងបន្ទាប់ពី Aston Villa ជួបបញ្ហានៅតំបន់បម្រើ ដោយ Amadou Onana ត្រូវអវត្តមានរហូតដល់ឆ្នាំក្រោយ ក្រោយរងរបួសជង្គង់ធ្ងន់ធ្ងរពេលបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកនៅ World Cup។
លើសពីនេះ Villa ក៏បានលក់ចេញខ្សែបម្រើ Youri Tielemans ទៅកាន់ Manchester United ក្នុងតម្លៃ ៣៥លានផោន ខណៈ Morgan Rogers ក៏ត្រៀមចាកចេញផងដែរ បន្ទាប់ពីក្លិបបានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរមានតម្លៃ ១១៧លានផោន ជាមួយ Chelsea។
Joao Gomes បានបង្ហាញខ្លួន ៤១ប្រកួត ឱ្យ Wolves កាលពីរដូវកាលមុន និងទទួលបានពាន កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លិប បើទោះបីជា Wolves បញ្ចប់រដូវកាលនៅបាតតារាង Premier League ក៏ដោយ។
ចាប់តាំងពីផ្ទេរមកពីក្លិប Flamengo នៅឆ្នាំ២០២៣ Gomes បានបង្ហាញខ្លួនសរុប ១៣០ប្រកួត ឱ្យ Wolves និងស៊ុតបញ្ចូលទីបាន ៧គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

