រដ្ឋបាលសហរដ្ឋអាមេរិកអះអាងថា ទំនាក់ទំនងរវាងរុស្ស៊ី និងគុយបា បង្កការគំរាមកំហែងដោយផ្ទាល់» ដល់សន្តិសុខរបស់សហរដ្ឋអាមេរិក។
របាយការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា «គុយបា និងរុស្ស៊ី នៅតែរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយដ៏រឹងមាំ ដែលកាន់តែស៊ីជម្រៅឡើង ក្នុងចំណោមភាពតានតឹងរវាងសហរដ្ឋអាមេរិក និងគុយបា។ សព្វថ្ងៃនេះ ទំនាក់ទំនងនេះ ត្រូវបានពិពណ៌នាកាន់តែល្អប្រសើរថា ជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលមិនត្រឹមតែបង្កការគំរាមកំហែងដោយផ្ទាល់ដល់មាតុភូមិអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជាបញ្ហាប្រឈមចំពោះអំណាចនិងផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិកនៅទូទាំងអាមេរិកឡាទីនផងដែរ»។
«សម្រាប់រុស្ស៊ីសម័យទំនើប បណ្តាញរបស់គុយបាត្រូវបានចាត់ទុកថា ជាមធ្យោបាយសំខាន់មួយសម្រាប់ធ្វើឲ្យអស្ថិរភាព និងបំផ្លាញផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥទ្ធិពលជិតបំផុតរបស់អាមេរិក។ វាអនុញ្ញាតឲ្យរុស្ស៊ីពង្រីកអំណាច និងឥទ្ធិពលចូលទៅក្នុងតំបន់ ដោយមិនចាំបាច់បង្កើតមូលដ្ឋានយោធា ឬរក្សាវត្តមានកងទ័ពច្រើននៅទីនោះឡើយ»។
របាយការណ៍នោះ បានធ្វើការចោទប្រកាន់ស្រដៀងគ្នានេះប្រឆាំងនឹងប្រទេសចិន និងអ៊ីរ៉ង់៕
